ភ្នំពេញ ៖ មិនធម្មតាមែន បើសិក្សាពីជនទំនើងដកកាំភ្លើងបាញ់ ប្រជាពលរដ្ឋផ្អើលនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ អតីតជាតួអង្គប្រព្រឹត្តបទល្មើសច្រើន ហើយមិនរាងចាល ទីបំផុត ! ទៅដេកគុកវិញ ។
គេបានរម្លឹកថា, ជនទំនើងនេះ ធ្លាប់បាញ់សម្លាប់សង្សារកាលពី២ឆ្នាំមុន ស្រាប់តែចេញពីពន្ធនាគារវិញ គំរាមប៉ងសម្លាប់អ្នកផ្សេងទៀត ត្រូវនគរបាលខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បង្ក្រាបចាប់ឃាត់ខ្លួនបានទាន់ពេលវេលា។
សូមបញ្ជាក់ថា ៖ ប្រហែលជាគេមិនទាន់ភ្លេចនោះឡើយ ហេតុការណ៍បានកើតកាលពី២ឆ្នាំមុន ដោយមានបុរសម្នាក់បាញ់សម្លាប់សង្សាររបស់ខ្លួនក្នុងរថយន្ដ នៅខេត្តកំពង់ឆ្នាំង ប៉ុន្ដែជាប់ពន្ធនាគារត្រឹមជាង១ឆ្នាំប៉ុណ្ណោះក៏ចេញមកវិញ ហើយពេលនេះស្រាប់តែបាញ់ប្រហារប៉ុនប៉ងបញ្ចប់ជីវិតអ្នកផ្សេងទៀត ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្ដង។ ចំណុចនេះហើយ ដែលបង្ហាញឲ្យឃើញអំពី និទណ្ឌភាព ការមិនគោរពច្បាប់ ការមិនដាក់ទោសទណ្ឌឲ្យសមនឹងបទល្មើសដែលជនល្មើសប្រព្រឹត្ត ខណៈបាញ់សម្លាប់សង្សារ ជាប់គុកត្រឹមមួយឆ្នាំ ធ្វើឱ្យជនទំនើងរូបនេះ មិនញញើតនឹងច្បាប់ មិនញញើតនិងការបាញ់បោះ។
ករណីបាញ់ផ្អើលប្រជាពលរដ្ឋ ហេតុករណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ២រសៀល ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា , ប្រជាពលរដ្ឋរងគ្រោះនៅក្នុងហេតុការណ៍ ខាងលើម្នាក់ឈ្មោះ ហយ ហេន អាយុ៤៧ឆ្នាំ មុខរបរបើកបររថយន្ត ស្នាក់នៅក្នុងភូមិកើតហេតុ និងម្នាក់ទៀឈ្មោះ នួន លី អាយុ៦៣ឆ្នាំ មុខរបរបើកបររថយន្ត ស្នាក់នៅក្នុងភូមិកើតហេតុ។
ចំណែកជនសង្ស័យខាងលើឈ្មោះ ទាក់ ឌី អាយុ៣០ឆ្នាំ មុខរបរពុះដីឡូត៍លក់ មានទីលំនៅផ្ទះលេខ១៤២ ផ្លូវលេខ៣៦ បុរីពិភពថ្មីឈូកវ៉ា២ ភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ជិះរថយន្តម៉ាក Jeep ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2BG-0004 ប្រដាប់ដោយកាំភ្លើងខ្លីមួយដើម។ កាលពីអំឡុងឆ្នាំ២០២០ជននេះ បានបាញ់សម្លាប់សង្សារនៅក្នុងរថយន្តខេត្តកំពង់ឆ្នាំង តែជាប់គុកត្រឹម១ឆ្នាំ មិនដឹងថា, តំណាងអយ្យការចោទពីបទអីទេ ?
ដោយឡែកបក្ខពួកម្នាក់ទៀតឈ្មោះ កើត សម្ផស្ស អាយុ៣៤ឆ្នាំ មុខរបរជាយោធា ហើយស្នាក់នៅក្នុងបន្ទាយស្ថិតនៅក្នុងភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ប្រដាប់ដោយកាំភ្លើងខ្លីមួយដើមម៉ាក Bereta។
នៅមុនពេលកើតហេតុជនសង្ស័យទាំង២នាក់ បានផឹកស៊ីនៅផ្ទះរបស់ឈ្មោះ ជួប ផល ស្ថិតនៅជិតផ្ទះជនរងគ្រោះដែរ ហើយជនរងគ្រោះក៏បានដើរទៅរកទិញបារីជក់នៅផ្ទះខាងលើ។ ពេលទៅដល់ឈ្មោះ ជួប ផល ដែលជាម្ចាស់ផ្ទះ បានហៅបុរសរងគ្រោះឲ្យចូលផឹកស៊ីជាមួយ ប៉ុន្តែជនរងគ្រោះបានបដិសេធន៍ ហើយបាននិយាយលេងថា «កូនចៅឯងផឹកទៅ ខ្ញុំស្រវឹងស្រាហើយ»។ ពេលនោះស្រាប់តែសង្ស័យឈ្មោះទាក់ ឌី ប្រកាន់ខឹងរួចបាននិយាយទៅ កាន់ជនរងគ្រោះថា «ឯងនិយាយច្រើនម្ល៉េះ តាឯងមកពីណា និយាយឈ្លើយម្ល៉េះ»។
ក្រោយនិយាយចប់ឈ្មោះ ទាក់ ឌី ក៏បានស្ទុះទាត់ធាក់បុរសរងគ្រោះ២ជើង បណ្ដាលឲ្យរងរបួសហើមជាំមេដៃ បន្ទាប់មកជនរងគ្រោះបានដើរទៅប្រាប់កូននៅផ្ទះ។ ភ្លាមៗនោះកូនប្រុសគាត់ និងសាច់ញាតិបាននាំគ្នាទៅសួរ ជនសង្ស័យឈ្មោះ ទាក់ ឌី នោះថា «ហេតុអ្វីបានជាទាត់ធាក់ឪពុកខ្ញុំអញ្ចឹង?» ហើយក៏បង្កឲ្យមានទំនាស់ពា្យសម្ដីរហូតឈានដល់ការវាយតប់គ្នាទៅវិញទៅមក ហើយឈ្មោះ ទាក់ ឌី បានដកកាំភ្លើងបាញ់១គ្រាប់ ប៉ុន្ដែសំណាងល្អពុំបណ្ដាលឲ្យត្រូវក្រុមជនរងគ្រោះឡើយ។
សមត្ថកិច្ចដដែលបាននិយាយថា ចំណែកជនសង្ស័យឈ្មោះ កើត សម្ផស្ស ដែលជាមន្រ្តីយោធា និងជាបក្ខពួកបានយកអាវុធខ្លីម៉ាក Bereta មកភ្ជង់គំរាមការពារមិនឲ្យជនរងគ្រោះ ចូលទៅវាយឈ្មោះ ទាក់ ឌី ឡើយ។ បន្ទាប់មកឈ្មោះ ទាក់ ឌី ក៏ឡើងបើករថយន្តម៉ាក Jeep គេចខ្លួនខណៈនោះបើកទៅបំបុកជនរងគ្រោះឈ្មោះ ហយ ហេន ដែលកំពុងឈរស្ទាក់បណ្ដាលឲ្យរងរបួសជើង និងខ្លួនរួចបើកគេចបាត់ដោយសុវត្ថិភាព។ មួយសន្ទុះក្រោយមកក៏បានបើករថយន្តត្រឡប់មកកន្លែងកើតហេតុវិញដឹកគូរកនឈ្មោះ កើត សម្ផស្ស ចេញពីកន្លែងកើតហេតុ និងបានបាញ់ឡើងលើ១គ្រាប់គំរាមអ្នកភូមិ មិនឲ្យចូលជិតរួចទើបបើករថយន្តចាក់ចេញទៅបាត់។
ក្រោយកើតហេតុនគរបាលប៉ុស្តិ៍ចោមចៅទី៣ ចុះទៅធ្វើការស្រាវជ្រាវដើម្បីស្វែងរកចាប់ខ្លួនជនសង្ស័យ ប៉ុន្តែពុំនឹកស្មានថា ជនសង្ស័យបែរជាដើរចូលស៊ងដោយខ្លួនឯង។ ដោយនៅវេលាម៉ោង ៨យប់ថ្ងៃដដែល ជនសង្ស័យទាំង២នាក់ ជិះរថយន្តចូលទៅកាន់ប៉ុស្តិ៍នគរបាលចោមចៅទី៣ ដើម្បីដាក់ពាក្យបណ្ដឹងបកលើជនរងគ្រោះ និងបំភ្លឺជូននគរបាល ហើយពេលនោះនគរបាលក៏បានឃាត់ខ្លួនទាំង២នាក់តែម្ដង។
ប្រជាពលរដ្ឋមានសង្ឃឹម និងជំនឿទុកចិត្តថា មន្ត្រីនគរបាលយុត្តិធម៌ ដែលបានបង្ក្រាបឃាត់ខ្លួនជនសង្ស័យ កសាងសំណុំរឿង សន្និដ្ឋានបទល្មើសឱ្យសមនឹងការប្រព្រឹត្តរបស់ជនល្មើស ដើម្បីឲ្យតំណាងអយ្យការ ធ្វើការសាកសួរតាមនីតិវិធី ជៀសវាង ជនបង្កត្រូវបាន បន្ធូរបន្ថយក្នុងករណីណាមួយ ដូចកាលប្រព្រឹត្តបាញ់សង្សាររបស់ខ្លួននៅខេត្តកំពង់ឆ្នាំង។
មជ្ឈដ្ឋានទូទៅ របស់ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កំពុងតាមដានចំពោះនីតិវិធីនេះ ថាតើជនទំនើងខាងលើ អាចរួចផុតពីសំណាញ់ច្បាប់ ឬមានការបន្ធូរបន្ថយបទល្មើសណាមួយ ? ៕
ដោយ : សហការី