ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន នៅព្រឹកថ្ងៃសុក្រ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានអញ្ជើញទទួលស្វាគមន៍ចំពោះវត្តមាននៃការអញ្ជើញមករបស់ប្រមុខដឹកនាំអាស៊ានទាំងអស់ ដែលបានអញ្ជើញមកចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធ នៅព្រះរាជាណាចក្រកម្ពុជា នាសណ្ឋាគារសុខាភ្នំពេញ។
សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលរៀបចំឡើងជាលើកទី៣ នៅកម្ពុជា ក្នុងនាមជាប្រធានប្តូរវេន នឹងត្រូវរៀបចំឡើងចាប់ពីថ្ងៃទី១០ ដល់ ១៣ ខែវិច្ឆិកា ឆ្នាំ២០២២។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន បានថ្លែងបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង ៤១ និងកិច្ចប្រជុំកំពូលអាស៊ានពាក់ព័ន្ធជាមួយដៃគូ នឹងអនុម័ត និងកត់សម្គាល់នូវបញ្ជីឯកសារសមិទ្ធផលដ៏វែងចំនួនប្រហែល ១០០ ឯកសារ ដើម្បីជាមគ្គុទេសក៍សម្រាប់សកម្មភាព និងសហប្រតិបត្តិការរបស់អាស៊ាននាឆ្នាំតទៅមុខទៀត។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូចនេះនៅព្រឹកថ្ងៃសុក្រ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្នុងឱកាសដែលសម្តេចអញ្ចើញថ្លែងសុន្ទរកថាបើកកិច្ចប្រជុំកំពូលអាស៊ានជាផ្លូវការលើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធនៅសណ្ឋាគារសុខាភ្នំពេញ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូចនេះថា «ដោយឆ្នាំ២០២២ នឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង ៤១ និងកិច្ចប្រជុំកំពូលអាស៊ានពាក់ព័ន្ធជាមួយដៃគូ នឹងផ្តល់នូវដំណោះស្រាយ ដើម្បីសម្រេចនូវសមិទ្ធផល និងអាទិភាពគន្លឹះសម្រាប់ឆ្នាំ២០២២ របស់អាស៊ាន និងផ្សារភ្ជាប់ជាមួយនឹងទិសដៅសហប្រតិបត្តិការ នាពេលអនាគត។ ក្នុងកិច្ចប្រជុំទាំងនេះយើងនឹងអនុម័ត និងកត់សម្គាល់នូវបញ្ជីឯកសារសមិទ្ធផលដ៏វែង ចំនួនប្រហែល ១០០ ឯកសារ ដើម្បីជាមគ្គុទេសក៍សម្រាប់សកម្មភាព និងសហប្រតិបត្តិការរបស់យើងនាឆ្នាំតទៅមុខ»។
បន្ថែមពីនេះសម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា នាថ្ងៃខានស្អែកនេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចសន្ទនាសកលអាស៊ានលើកទី២ ដើម្បីចែករំលែកទស្សនៈស៊ីជម្រៅ និងពិភាក្សាលើទិសដៅឆ្ពោះទៅកាន់ការស្ដារសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន និងការកសាងអាស៊ានប្រកបដោយចីរភាព និងភាពធន់ ក្នុងសម័យកាលក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ។ សម្តេចក៏បានបង្ហាញក្តីសង្ឃឹមចង់ឱ្យថ្នាក់ដឹកនាំទាំងអស់ចូលរួមស្តាប់ទស្សនៈពីមេដឹកនាំ និងដៃគូអាស៊ាន ក៏ដូចជាការយល់ឃើញពីស្ថាប័នអន្តរជាតិ និងតំបន់ តើតំបន់អាស៊ានអាចឆ្លងកាត់បញ្ហាប្រឈម និងកសាងសហគមន៍កាន់តែរឹងមាំសម្រាប់គ្រប់ៗគ្នា បានយ៉ាងដូចម្តេច?
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន បានគុសបញ្ជាក់ទៀតថា «ខណៈយើងធ្វើដំណើរទៅមុខ យើងក៏មិនត្រូវភ្លេចនូវអតីតកាល និងគុណតម្លៃ ដែលយើងបានកសាង និងថែរក្សានោះទេ។ ខ្ញុំជឿជាក់ថា បាវចនារបស់យើង «អាស៊ាន ចក្ខុវិស័យតែមួយ, អត្តសញ្ញាណតែមួយ និងសហគមន៍តែមួយ» នៅតែមានគុណតម្លៃពិតប្រាកដនាពេលនេះ»។
បន្ថែមពីនេះសម្តេចតេជោ ហ៊ុន សែន ក៏បានស្នើឱ្យអង្គប្រជុំកំពូលអាស៊ានទាំងអស់ផ្ដោតលើគោលបំណងរួមនៃការអភិវឌ្ឍរួមគ្នា ដើម្បីសន្តិភាព ស្ថិរភាព និងឧត្តមភាពនៅតំបន់នេះ។ សម្តេចក៏បានអះអាងដែរថា ទំនាក់ទំនងរបស់យើងទាំងអស់គ្នា មិនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែតាមរយៈការប្រឹងប្រែង ការប្ដេជ្ញាចិត្ត និងការព្យាយាមជាច្រើនឆ្នាំ។ យើងត្រូវថែរក្សា និងដឹងគុណដល់អ្វីៗ ដែលយើងបានកសាង ដូចនេះការថែរក្សាឯកភាព សាមគ្គីភាព និងមជ្ឈភាពរបស់យើង គឺជាអាទិភាពចម្បងបំផុត ដើម្បីធានាឱ្យតំបន់យើងមានចីរភាព និងភាពធន់ សម្រាប់ព្រឹត្តិការណ៍ដែលអាចកើតមាននាពេលអនាគត៕
ដោយ៖ស តារា