ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីដាក់ទណ្ឌកម្មសងសឹកគ្រួសារប្រធានាធិបតី Joe Biden

ចែករំលែក៖

ក្រសួងការបរទេសរុស្ស៊ីបានប្រកាសកាលពីថ្ងៃទី១១ ខែវិច្ឆិកាថា ប្រទេសនេះបានដាក់ទណ្ឌកម្មហាមប្រាមចូលទឹកដីរុស្ស៊ីរបស់ពលរដ្ឋអាមេរិកចំនួន២០០នាក់ជាវិធានការសងសឹក។ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសរុស្ស៊ី ឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មបុគ្គលដែលរដ្ឋបាលរបស់ប្រធានាធិបតី Joe Biden បានដាក់ម្តងហើយម្តងទៀតលើមន្ត្រីរុស្ស៊ី អ្នកជំនួញ ឥស្សរជនវប្បធម៌ និងពលរដ្ឋ បទបញ្ជាហាមប្រាមការចូលទៅកាន់ប្រទេសរុស្ស៊ីនឹងត្រូវដាក់លើពលរដ្ឋអាមេរិកចំនួន ២០០ នាក់។
យោងតាមទីភ្នាក់ងារសារព័ត៌មាន TASS បានផ្សាយថា បញ្ជីទណ្ឌកម្មរុស្ស៊ីរួមមានប្អូនស្រី និងបងប្អូនពីរនាក់របស់ប្រធានាធិបតី Joe Biden លេខាធិការសារព័ត៌មានសេតវិមាន Karine Jean-Pierre និងលោក Paul Pelosi ប្តីរបស់ប្រធានសភាអាមេរិក Nancy Pelosi ។
គិតត្រឹមថ្ងៃទី១១ ខែវិច្ឆិកា រុស្ស៊ីបានដាក់ទណ្ឌកម្មបុគ្គលលើពលរដ្ឋអាមេរិកជាង១,០០០នាក់ ក្នុងទម្រង់នៃការហាមប្រាមមិនឱ្យចូលប្រទេសរុស្ស៊ី រួមទាំងមន្ត្រីកំពូលរបស់សហរដ្ឋអាមេរិកផងដែរ។ មុននោះ នាថ្ងៃទី៣០ ខែកញ្ញា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Joe Biden បានប្រកាសដាក់ទណ្ឌកម្មសេដ្ឋកិច្ចថ្មីប្រឆាំងនឹងបុគ្គល និងអង្គភាពរាប់រយនាក់ដែលពាក់ព័ន្ធក្នុងយុទ្ធនាការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតដែលពាក់ព័ន្ធនោះដែរ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយនៅថ្ងៃទី១១ ខែវិច្ឆិកាថា គឺជា “ថ្ងៃប្រវត្តិសាស្ត្រ” សម្រាប់អ៊ុយក្រែន បន្ទាប់ពីរុស្ស៊ីបានប្រកាសដកកងទ័ពចេញពីច្រាំងខាងលិចនៃតំបន់ Kherson ។
លោក Zelensky បាននិយាយថា វិធានការដើម្បីជួយធានាសុវត្ថិភាពរបស់ Kherson ជាពិសេសការដោះមីនមួយចំនួនធំនឹងចាប់ផ្តើមឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសកាលពីថ្ងៃទី១១ ខែវិច្ឆិកាថា ការដកទ័ពចេញពីទីក្រុង Kherson ត្រូវបានបញ្ចប់ហើយ។ រុស្ស៊ីបាននិយាយថា ទាហានរុស្ស៊ីសរុបជាង ៣០.០០០ នាក់ អាវុធប្រហែល ៥.០០០គ្រឿង និងសម្ភារយោធា ក៏ដូចជាទ្រព្យសម្បត្តិត្រូវបានដកចេញពី Kherson ៕ ដោយ៖ ធីរីណា

រូប​ថត​ ៖​ Tass


ចែករំលែក៖