ខេត្តកំពង់ចាម ៖ ជនសង្ស័យម្នាក់ជាអ្នកជួញដូរដោយខុសច្បាប់នូវសារធាតុគ្រឿងញៀន ដែលគេស្គាល់ថាជាអភិជននិងជាអតីតអាណិកជនខ្មែរធ្លាប់រស់នៅបរទេសផងនោះត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាមធ្វើការបង្រ្កាបនិងឃាត់ខ្លួន។
ប្រតិបត្តិការនេះធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ នៅត្រង់ចំណុចភូមិបឹងកុកទី២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដឹកនាំដោយលោកវរសេនីយ៍ទោ សែម ឃាង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបទល្មើសនៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម។
ជនសង្ស័យមានឈ្មោះ ជាឌី ឆាត ភេទប្រុស អាយុ២០ឆ្នាំ ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។
ករណីនេះជំនាញកងរាជអាវុធហត្ថបានចាប់យកវត្ថុតាងពាក់ព័ន្ធមានសារធាតុញៀន៤០កញ្ចប់ និងសម្ភារមួយចំនួន នៅត្រង់ចំណុចភូមិបឹងកុកទី២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងបានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម ដើម្បីចងក្រងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមច្បាប់៕
ដោយ៖ វណ្ណៈ