ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ចាស្ទីន ព្យែ ទ្រូដូ នាយករដ្ឋមន្ត្រីកាណាដា បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អ និងកិច្ចសហប្រតិបត្តិការប្រកប ដោយផ្លែផ្ការវាងប្រទេសទាំងពីរចាប់តាំងពីបង្កើតទំនាក់ទំនងការទូតមក នៅក្នុងជំនួបទ្វេភាគីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅអំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំ កំពូលពាក់ព័ន្ធ នៅទីក្រុងភ្នំពេញ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានរំលឹកអំពីការចូលរួមតាំងពីយូរមកហើយរបស់កាណាដានៅក្នុងដំណើរការសន្តិភាពនៅកម្ពុជា ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៥០។ សម្តេចតេជោ កោតសរសើរកាណាដា ចំពោះតួនាទីយ៉ាងសកម្មនៅក្នុងដំណើរការសន្តិភាព និងការអភិវឌ្ឍរបស់កម្ពុជា រួមទាំងការបោស សំអាតមីនផងដែរ និងបានស្នើកាណាដាបន្តការគាំទ្ររបស់ខ្លួនជួយដល់កម្ពុជា ដើម្បីសម្រេចបាន គោលដៅ «កម្ពុជាគ្មានមីន” ត្រឹមឆ្នាំ២០២៥។
សម្ដេចតេជោ ក៏បានជម្រាបជូន លោកនាយករដ្ឋមន្ត្រី ទ្រូដូ អំពីគំនិតផ្តួចផ្តើម និងការសម្រប សម្រួលរបស់កម្ពុជាយ៉ាងជិតស្និទ្ធជាមួយប្រទេសជប៉ុន ក្នុងការបញ្ជូនអ្នកដោះមីនកម្ពុជាទៅជួយ បណ្តុះបណ្តាលក្រុមអ្នកដោះមីនអ៊ុយក្រែននៅប្រទេសប៉ូឡូញ ។
លោក ចាស្ទីន ព្យែ ទ្រូដូ បានឱ្យតម្លៃទៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា និងមានក្តីសង្ឃឹមថា កិច្ចព្រមព្រៀងនេះនឹងជួយបង្កើតឱកាស ក្នុងការធ្វើឱ្យស៊ីជម្រៅបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ឌីជីថល និងបច្ចេកវិទ្យាទំនើបរវាងអាស៊ាន និងកាណាដា។ លោក ក៏បានសម្តែងនូវអំណរគុណដ៏ស្មោះសរចំពោះការដឹកនាំ និងគំនិតផ្តួចផ្តើមរបស់សម្ដេច តេជោនាយករដ្ឋមន្ត្រី ក្នុងការជួយដល់អ៊ុយក្រែន និងជំហររបស់កម្ពុជាពាក់ព័ន្ធនឹងវិបត្តិនេះ ផងដែរ។
នាយករដ្ឋមន្ត្រីទាំងពីរ ក៏បានពិភាក្សាអំពីទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-កាណាដាផងដែរ ខណៈ នោះ សម្តេចតេជោបានសម្តែងការគាំទ្រចំពោះការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន- កាណាដា ជាមួយនឹងក្តីសង្ឃឹមថា ទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-កាណាដា នឹងឈានដល់កម្រិត ភាពជាដៃគូយុទ្ធសាស្ត្រក្នុងពេលឆាប់ៗនេះ។
ភាគីទាំងពីរក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការផ្សេងទៀតផងដែរ រួមមាន ពាណិជ្ជកម្ម ការប្រែប្រួល អាកាសធាតុ និងសន្តិសុខស្បៀង ព្រមទាំងបានផ្លាស់ប្ដូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិនានា ដែលជាកង្វល់រួមផងដែរ៕
ដោយ : សុខ ខេមរា