ខេត្តស្វាយរៀង ៖ មានការភ្ញាក់ផ្អើលពីសំណាក់អ្នករស់នៅក្នុងភូមិរមាំងថ្កោល ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខណៈ ស្ត្រីពរពោះ១០ខែម្នាក់ ពេលសម្រាលកូន បែរជាមិនមានអ្វីសោះដោយគ្រាន់តែ មានឈាមធ្លាក់បន្តិចបន្តួច ហើយមិនឃើញធ្លាក់សុក និងមានសុខភាពធម្មតា។
យោងតាមអាជ្ញាធរឃុំរមាំងថ្កោលបានឱ្យអ្នកសារព័ត៌មានដឹងនៅព្រឹកថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២០២២នេះថាស្ត្រីខាងលើមានឈ្មោះសេង រតនា ហៅស្រីហ៊ុច អាយុ២៦ឆ្នាំ មុខរបរជាកម្មការិនីរោងចក្រ មានប្តីឈ្មោះ នុត ចិន្តា អាយុ២៩ឆ្នាំ មុខរបរកម្មកររោងចក្រ ដោយបានរៀបការអាពាហ៏ពិពាហ៏រួច មានកូនប្រុសម្នាក់ឈ្មោះ ផាន់ សេងលីគង់ អាយុ៥ឆ្នាំ ហើយក៏មានផ្ទៃពោះកូនទី២ នេះតែម្ដងខណៈដែលពេលសម្រាលកូននោះគឺវាកើតឡើងតាំងពីវេលាម៉ោង៤និង២០នាទីរសៀល ថ្ងៃ០៧ វិច្ឆិកាឆ្នាំ២០២២មកម្ល៉េះ។
បើតាមអ្នកនាងសេង រតនា បានឱ្យអ្នកសារព័ត៌មានដឹងថា នៅមុនពេលមានផ្ទៃពោះកូនទី២ នេះ គឺបានដេកយល់សប្តិឃើញសត្វពស់ដ៏ធំមករុំជើងជាប់ ដោយភ័យពេកក៏ភ្ញាក់ឡើងនិយាយប្រាប់ប្តីតាមដំណើររឿង។ ចាប់ពីពេលមានផ្ទៃពោះបាន៤ខែ ក៏មានសត្វពស់ជាច្រើនមកវារនៅលើដំបូលផ្ទះ មានតូចមានធំ គឺឃើញនៅពេលថ្ងៃតែម្តង ជួនកាលឃើញសត្វពស់មកនៅលើមាត់អាងទឹកក្នុងបន្ទប់ទឹកបើកវែកដាក់នាង ពេលនោះស្រែកហៅប្តី ពស់នោះវាចេញទៅបាត់។
អ្នកនាងសេង រតនា បន្តទៀតថា ពេលមានផ្ទៃពោះ គឺទៅពិនិត្យផ្ទៃពោះរាល់ខែនិងបើកថ្នាំរក្សាគភ៌លេបរាល់ខែ ហើយបានទៅឆ្លុះអេកូចំនួន០៤ដង មើលលើកទី១ មើលមិនច្បាស់ឃើញព្រាលៗ គ្រូពេទ្យប្រាប់ថា មានផ្ទៃពោះហើយដោយឆ្លុះអេកូលើកទី២ ក៏មើលឃើញមិនច្បាស់ដែរ ពេលមើលលើកទី៣ទើបឃើញ គ្រូពេទ្យប្រាប់ថាជាកូនស្រី ។
លុះគ្រប់៩ខែ១០ថ្ងៃ នាងនិងប្តីបានទៅសុំច្បាប់សម្រាលកូន ខាងរោងចក្រក៏បានឲ្យសម្រាកនិងបើកប្រាក់ខែឲ្យ៣ខែ បានប្រាក់៤៨០ដុល្លារ ក៏ប៉ុន្តែដល់ថ្ងៃត្រូវសម្រាលហើយ មិនសម្រាលសោះលើសថ្ងៃ គឺត្រូវពពោះរហូតដល់១០ខែ គត់ ចាស់ទុំ និងឪពុកម្តាយបានពិភាក្សាគ្នាកូនពរពោះលើសខែ ២០ថ្ងៃហើយ មិនស្រួលទេ គឺត្រូវតែទៅពេទ្យវះ យកកូន ទុកយូរខ្លាចគ្រោះថ្នាក់ ដោយថ្ងៃចន្ទជាថ្ងៃសម្រាកបុណ្យអុំទូកផង គិតគ្នាថា ទុកយូរមិនបានទេ គឺស្អែកថ្ងៃ អង្គារ៍ទី០៨ ទៅមន្ទីរពេទ្យខេត្តស្វាយរៀង សុំពេទ្យវះយកកូនតែម្តងទៅ។
ប្រភពបន្តទៀតថា លុះដល់ម៉ោង៤រសៀលថ្ងៃទី៧ ខែវិច្ឆិកាឆ្នាំ២០២២ រូបនាងមានអាការៈឈឺពោះខ្លាំង ចំណែកឳឪពុកម្តាយមិននៅផ្ទះ រីឯប្តីបានទៅជប់លៀងទើបផ្ទុះហេតុការណ៍ខាងលើនេះតែម្ដង ៕
ដោយ៖ សុថាន