ព័ត៌មានទាន់ហេតុការណ៍៖

អគ្គនាយកដ្ឋានគយថាទីផ្សារធំរបស់កម្ពុជាគឺអាមេរិកខណៈការនាំចេញរបស់កម្ពុជា កើនឡើងជិត ២០ភាគរយ ក្នុងរយៈពេល១០ខែ

ចែករំលែក៖

ភ្នំពេញ ៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានវាយតម្លៃចំពោះការនាំចេញនិងនាំចូលនៅក្នុងរយៈពេល ១០ខែនៃឆ្នាំ២០២២ នេះមានការកើតឡើងជិត 20% ហើយថាសហរដ្ឋអាមេរិកគឺជាទីផ្សារធំជាងគេនៅក្នុង ចំណោមពីផ្សារដូចច្រើនផ្សេងទៀត។ បន្ទាប់ពីសហរដ្ឋ អាមេរិកគឺប្រទេសជិតខាងកម្ពុជាយើងនោះគឺប្រទេសវៀតណាមដែលទទួលទីផ្សារធំទី២។

របាយការណ៍របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករបានឲ្យដឹងថា កម្ពុជា នាំចេញទំនិញទៅក្រៅប្រទេស មាន តម្លៃសរុប ១៨,៧ ពាន់លានដុល្លារ ក្នុង​រយៈ​ពេល​ ១០ខែ ឆ្នាំ​២០២២ មានកំណើន ១៩,២ ភាគរយ ធៀបនឹង​រយៈពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​មុន។ ស្ថិតក្នុងបរិបទនៃជំងឺកូវីដ១៩ ស្ថានភាពនៃការនាំចេញរបស់កម្ពុជានៅតែបន្តកើនឡើង។

យោងតាមទិន្នន័យដែលកត់ត្រាដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ ទីផ្សារអាមេរិកនៅតែជាទីផ្សារធំបំផុតរបស់កម្ពុជា ដែល​បាន​នាំចូល​ទំនិញ​ពី​កម្ពុជា​មាន​តម្លៃ​សរុប ៧,៦ពាន់លានដុល្លារ ស្មើនឹងប្រមាណ ៤០ភាគរយ នៃតម្លៃនាំចេញសរុប។

បន្ទាប់ពីសហរដ្ឋអាមេរិកគឺប្រទេស​វៀតណាម ជាទីផ្សារធំបំផុតទីពីរ នាំចូលទំនិញពីកម្ពុជាមានតម្លៃសរុប ១,៦ ពាន់​លាន​ដុល្លារ​។

ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​កម្ពុជា​ជាមួយ​នឹង​ទីផ្សារ​អន្តរជាតិ ចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ​២០២២​នេះ ​មាន​ទឹកប្រាក់សរុប ៤៤,៥ ពាន់លានដុល្លារ មានកំណើន ១៤,៩ ភាគរយ ធៀប​នឹង​រយៈពេល​ដូច​គ្នាកាល​ពី​ឆ្នាំមុន៕

ដោយ៖ សូរិយា


ចែករំលែក៖