ភ្នំពេញ ៖ លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ផ្ញើសារថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងកងកម្លាំងទាំងអស់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំពោះការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ច ក្នុងការរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈអំឡុងពេលដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលបានបិទបញ្ចប់នាពេលថ្មីៗកន្លងមកនេះ ។
ជំនួសមុខ ថ្នាក់ដឹកនាំនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ខ្ញុំសុំកោតសរសើរ ដោយស្មោះចំពោះការខិតខំបំពេញភារកិច្ច ក្នុងការរក្សាសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ សាធារណៈអំឡុងពេលដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលបានបិទបញ្ចប់នាពេលថ្មីៗកន្លងមកនេះ ។
ការសម្រេចបានជោគជ័យក្នុងបេសកកម្មរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព សម្រាប់កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ជូនគណៈប្រតិភូមកពីបណ្តាប្រទេស នៅលើពិភពលោកនេះ ឆ្លុះបញ្ចាំងឱ្យឃើញពីស្មារតី និងឆន្ទៈរបស់លោក-លោកស្រីជាមន្តី្រ នគរបាលជាតិនៅតាមផែនការងារជំនាញ អធិការដ្ឋាននគរបាលខណ្ឌ និងប៉ុស្តិ៍នគរបាលរដ្ឋបាល ទាំងអស់ ដែលបានគោរពអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជា ក៏ដូចជាផែនការរបស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ និងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ដោយខិតខំបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ ផ្តល់ជាគុណតម្លៃ កិត្តិយស និង កិត្យានុភាពជាតិរហូតកិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធបានបិទបញ្ចប់ដោយសុខ សុវត្ថិភាព ។
ជាថ្មីម្ដងទៀត ខ្ញុំសូមថ្លែងអំណរគុណចំពោះការរួមចំណែករបស់លោក-លោកស្រីជាមួយ នឹងការងារដ៏មានកិត្តិយសនេះ និងសូមជូនពរនូវពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕
ដោយ : សិលា