ព័ត៌មានទាន់ហេតុការណ៍៖

កិច្ចប្រជុំពិនិត្យ កែសម្រួលអនុក្រឹត្យលេខ១២៣អនក្រ.បក ស្ដីពីបែបបទសម្រាប់អនុវត្តចំពោះការអនុញ្ញាតឱ្យជនបរទេសមិនមែនអន្តោប្រវេសន្តចូល ចេញ និងស្នាក់អាស្រ័យនៅព្រះរាជាណាចក្រកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ នាព្រឹកថ្ងៃអង្គារ ៧ រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦ ៦ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោក នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអញ្ជើញបើកកិច្ចប្រជុំការកែសម្រួលអនុក្រឹត្យលេខ១២៣អនក្រ.បក ស្ដីពីបែបបទសម្រាប់អនុវត្តចំពោះការអនុញ្ញាតឱ្យជនបរទេសមិនមែនអន្តោប្រវេសន្តចូល ចេញ និងស្នាក់អាស្រ័យនៅព្រះរាជាណាចក្រកម្ពុជា។ 

 កិច្ចប្រជុំក៏មានការអញ្ជើញចូលរួមពី លោក អគ្គនាយករង លោកប្រធាន-អនុប្រធាននាយកដ្ឋាន និងមន្រ្តីការិយាល័យនីតិកម្ម នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។ 

កិច្ចប្រជុំនេះក្នុងគោលបំណងកែសម្រួលបទបញ្ញត្តិនៃអនុក្រឹត្យនេះឲ្យមានសង្គតិភាពជាមួយនឹងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ព្រមទាំងចូលរួមចំណែកពង្រឹងវិស័យសន្តិសុខ ការគ្រប់គ្រងសុខសុវត្ថិភាពជនបរទេស និងពង្រឹងប្រសិទ្ធភាពអនុវត្តគោលនយោបាយទេសចរណ៍ និងការងារ-ហត្ថពលកម្មជនបរទេសនៅព្រះរាជាណាចក្រកម្ពុជា តាមរយៈការព្រាង ដើម្បីដាក់ចេញនូវលក្ខខណ្ឌមួយចំនួន ដែលចាំបាច់សម្រាប់ជនបរទេសដែលមានបំណងស្នើសុំ ឬ ស្នើពន្យារទិដ្ឋាការប្រភេទE ដោយត្រូវភ្ជាប់មកជាមួយនូវលិខិតធានារ៉ាប់រងសុខភាព និងការថែទាំព្យាបាលករណីគ្រោះថ្នាក់ លិខិតបញ្ជាក់អំពីគោលបំណងនៃការស្នើសុំ ឬ ស្នើពន្យារទិដ្ឋាការ លិខិតបញ្ជាក់អំពីអាសយដ្ឋានស្នាក់នៅ និងភស្តុតាងហិរញ្ញវត្ថុដែលសមស្របអាចស្នាក់នៅកម្ពុជាបាន ៕

ដោយ : សហការី


ចែករំលែក៖