ខេត្តត្បូងឃ្មុំ ៖ នាថ្ងៃអង្គារ ០៧រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ នាយកដ្ឋានសេដ្ឋកិច្ចបៃតង នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្រ្ត បានសហការជាមួយវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) បានរៀបចំកម្មវិធី “បរិស្ថានស្អាតនៅកម្ពុជា៖ យុវជនជាចលករក្នុងការកាត់បន្ថយសំណល់ប្លាស្ទិក” នៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព លោក អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន លោកស្រី Ayako Misuno អ្នកគ្រប់គ្រងកម្មវិធី នៃវិទ្យាស្ថាន ERIA លោកស្រីរដ្ឋលេខាធិការក្រសួងកិច្ចការនារី លោកស្រី អគ្គនាយិការង នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្រ្ត ក្រសួងបរិស្ថាន លោកអភិបាលរង នៃគណៈអភិបាលខេត្តត្បូងឃ្មុំ អភិបាលស្រុកអូររាំងឪ និងមានការចូលរួមពី លោក លោកស្រី អ្នកនាងកញ្ញា តំណាងក្រសួងបរិស្ថាន រដ្ឋបាលខេត្តត្បូងឃ្មុំ មន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ មន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ ក្រុមហ៊ុនប្រមូលសំរាមស្រុកអូររាំងឪ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស យុវជន ស.ស.យ.ក. ស្រុកអូររាំងឪ និងអាជ្ញាធរមូលដ្ឋានឃុំគងជ័យ ស្រុកអូររាំងឪ ចំនួនសរុបប្រមាណ ៥០០រូប នៅវិទ្យាល័យហ៊ុនសែនអូររាំងឪ ខេត្តត្បូងឃ្មុំ។ កម្មវិធីនេះ មានគោលបំណង៖
(១) បង្កើនកិច្ចសហប្រតិបត្តិការរវាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងទទួលបានទស្សនទានមេត្រីបរិស្ថាន។
(២) បង្ហាញពីផលប៉ះពាល់អវិជ្ជមានប្លាស្ទិកចំពោះបរិស្ថាន និងសុខភាពទៅដល់យុវជន ដើម្បីអនាម័យបរិស្ថានសាលារៀន ភូមិឃុំ និងសហគមន៍។
កម្មវិធីនេះដែរ ក៏បានរៀបចំម្តងរួចមកហើយ នៅខេត្តកំពង់ចាម ក្រោមអធិបតីភាពលោកស្រី ងិន លីណាអគ្គនាយិការងអ.គ.យ. លោកអភិបាលរងខេត្តកំពង់ចាម និងតំណាងវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងមក ដែលមានអ្នកចូលរួមប្រមាណ ២៥០នាក់ ៕
ដោយ ៖ សហការី