ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា, អនុលោមតាមច្បាប់និងបទប្បញ្ញត្តិស្តីពីពន្ធដារ មាត្រា ៧ នៃអនុក្រឹត្យលេខ ១១៤ អនក្រ. បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ១៩៩៩ ស្តីពីអាករលើតម្លៃបន្ថែម និងប្រការ ៧ នៃប្រកាសលេខ ១៩៣ សហវ.ប្រក ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ស្ដីពីវិធាននិងនីតិវិធីគ្រប់គ្រងប្រមូលពន្ធប៉ាតង់ និងក្នុងគោលបំណងបញ្ជាក់អំពីសិទ្ធិនិងកាតព្វកិច្ចជាភ្នាក់ងារកាត់ទុក និង ប្រមូលអាករលើតម្លៃបន្ថែម ពីអតិថិជន សម្រាប់ប្រកាសបង់ពន្ធមករដ្ឋបាលសារពើពន្ធ អគ្គនាយកដ្ឋានពន្ធដារសូមធ្វើការ ណែនាំដល់លោក-លោកស្រីម្ចាស់សហគ្រាស នាយក និងបណ្ណាធិការឱ្យបំពេញកាតព្វកិច្ចដាក់តាំង ឬព្យួរបង្ហាញឯកសារ បញ្ជាក់ការចុះបញ្ជីពន្ធដារដែលមានសុពលភាព នៅទីកន្លែងធ្វើសកម្មភាពសេដ្ឋកិច្ចនីមួយៗ ដូចខាងក្រោម៖
១. ទីចាត់ការសហគ្រាស
– វិញ្ញាបនបត្រចុះបញ្ជីពន្ធដារ ឬលិខិតបញ្ជាក់ការចុះបញ្ជីពន្ធដារ ឬ និង – ប័ណ្ណពន្ធប៉ាតង់។
២. សាខាសហគ្រាស
– លិខិតបញ្ជាក់សាខាសហត្រាស ឬ និង
– ប័ណ្ណពន្ធប៉ាតង់។
ករណីលោក លោកស្រីម្ចាស់សហត្រាស នាយក និងបណ្ណាធិការ មិនអនុវត្តតាមការណែនាំនេះ នឹងត្រូវបានចាត់ទុកថា ប្រព្រឹត្តអំពើរាំងស្ទុះចំពោះការអនុវត្តបទប្បញ្ញត្តិស្តីពីពន្ធដារ និងត្រូវទទួលរងទោសទណ្ឌស្របតាមមាត្រា ១៣៣ នៃច្បាប់ ស្តីពីសារពើពន្ធ។
អគ្គនាយកដ្ឋានពន្ធដារ សង្ឃឹមជឿជាក់យ៉ាងមុតមាំថា លោក-លោកស្រីម្ចាស់សហគ្រាស នាយក និងបណ្ណាធិការ ទាំងអស់ នឹងយកចិត្តទុកដាក់អនុវត្តតាមខ្លឹមសារនៃសេចក្ដីណែនាំខាងលើ ឱ្យមានប្រសិទ្ធភាព និងប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ ៕
ដោយ : សិលា