ខេត្តស្វាយរៀង ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់រវាង រថយន្តហ៊ីយ៉ាន់ដាយធុនធំដឹកស្រូវ បុក ជាមួយរថយន្តប្រភេទទេសចរណ៍បញ្ច្រាសទិសគ្នាបណ្ដាលឱ្យរបួសធ្ងន់ម្នាក់ ផ្អើលអ្នកភូមិទាំងយប់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៥០នាទីយប់ថ្ងៃទី១៤ខែវិច្ឆិកា ឆ្នាំ២០២២ លើផ្លូវលំក្រាលគ្រួសក្រហម ស្ថិតនៅចំណុចភូមិត្រពាំងឈ្នាង ឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង។
បើតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាបុរសដែលរបួសធ្ងន់មានឈ្មោះ ឈឹម ធារិទ្ធ អាយុ ៣០ឆ្នាំ មុខរបរ បើកបរ រស់នៅភូមិក្បាលក្រពើ ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្ដស្វាយរៀង បើករថយន្ដម៉ាក ហ៊ីយ៉ាន់ដាយ (ប្រភេទទេសចរណ៍25កៅអី) ពណ៌ ស ស៊េរី២០០១ ពាក់ស្លាកលេខ សៀមរាប ៣A១៣៣៧។
ចំណែកភាគីម្ខាងទៀតមានឈ្មោះ ពិន សំអ៊ុម ភេទប្រុស អាយុ ៤១ឆ្នាំ មុខរបរ បើកបរ រស់នៅភូមិពោធិ៍ជ្រែក ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង បើករថយន្ត ម៉ាក ហុីយ៉ាន់ដាយ ពណ៌ស ស៊េរីឆ្នាំ១៩៩៨ ចំណុះ 12.50T ពាក់ស្លាកលេខ ព្រះសីហនុ ៣A៣៩៥៨ មិនមានរងរបួសនោះទេ។
តាមសាក្សីបានឱ្យដឹងថាមុនកើតហេតុមានរថយន្តម៉ាក ហុីយ៉ាន់ដាយ ពណ៌ស ស៊េរីឆ្នាំ១៩៩៨ ចំណុះ 12.50T ពាក់ស្លាកលេខ ព្រះសីហនុ ៣A៣៩៥៨ឈប់លើផ្លូវថ្នល់អែបខាងស្តាំដៃ(ដើម្បីទិញស្រូវ) ក្នុងទិសដៅពីត្បូងមកជើង ខណៈនោះស្រាប់តែមានបុរសម្នាក់បានបើករថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ (ប្រភេទទេសចរណ៍25កៅអី) ពណ៌ ស ស៊េរី២០០១ ពាក់ស្លាកលេខ សៀមរាប ៣A១៣៣៧ធ្វើដំណើរពីទិសខាងជើងទៅត្បូង បើកមិនប្រកាន់ស្តាំ ក៏បុកគាបជាប់យ៉ាងពេញទំហឹងលាន់សូរប្រាវបង្កការភ្ញាក់ផ្អើលតែម្ដង។
ក្រោយមកអ្នករងរបួសធ្ងន់ត្រូវបានបងប្អូនក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង ចំណែករថយន្តសមត្ថកិច្ចធ្វើការវាស់វែងនិងអូសយកវត្ថុតាងទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងស្តៅ ដើម្បីដោះស្រាយពេលក្រោយតាមច្បាប់៕
ដោយ៖ សុថាន