បន្ទាប់ពីអវត្តមានជិត៣ឆ្នាំពីឆាកពិភពលោក ប្រធានាធិបតីចិន Xi Jinping ទើបតែបានជួបទល់មុខជាមួយមេដឹកនាំពិភពលោកជាច្រើននៅក្នុងកិច្ចប្រជុំកំពូល G20 នៅប្រទេសឥណ្ឌូនេស៊ី ដោយបញ្ជាក់សាជាថ្មីអំពីឥទ្ធិពលនៅលើពិភពលោករបស់ចិន។
បន្ទាប់ពីកិច្ចប្រជុំរយៈពេល៣ ម៉ោងកន្លះជាមួយប្រធានាធិបតីអាមេរិក Joe Biden ក្នុងគោលបំណងទប់ស្កាត់ការប្រកួតប្រជែងមិនឱ្យក្លាយជាជម្លោះនោះ។ ប្រធានាធិបតីចិនក៏មានកិច្ចប្រជុំជាមួយមេដឹកនាំនៃប្រទេសអូស្ត្រាលី បារាំង ហុល្លង់ និងកូរ៉េខាងត្បូងផងដែរ ដែលជាប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោក។
ទំនាក់ទំនងរវាងចិននឹងអាមេរិក និងសម្ព័ន្ធមិត្តបានធ្លាក់ចុះជាបន្តបន្ទាប់ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារការកើនឡើងនៃភាពតានតឹងភូមិសាស្ត្រនយោបាយ ជម្លោះពាណិជ្ជកម្ម និងការរីករាលដាលនៃជំងឺកូវីដ-១៩។
ខណៈដែលការបង្កើតទំនាក់ទំនងឡើងវិញដែលទំនងជាមិនអាចធ្វើបាននោះ ជំនួបនេះរវាងមេដឹកនាំទាំងពីរនេះអាចជួយឱ្យមានការផ្លាស់ប្តូរឡើងវិញក្នុងវិធីជាច្រើន។
កាលពីថ្ងៃទី១៤ ខែវិច្ឆិកា មេដឹកនាំចិនបានច្រានចោលនូវចំណុចស្នូលនៃគោលនយោបាយការបរទេសរបស់លោក Biden គឺលទ្ធិប្រជាធិបតេយ្យ។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ចិនអំពីកិច្ចប្រជុំនេះ លោក សុី បានហៅប្រព័ន្ធអភិបាលកិច្ចរបស់ប្រទេសចិនថា “លទ្ធិប្រជាធិបតេយ្យតាមបែបចិន” ដែលជាសញ្ញាច្បាស់លាស់ដល់សហរដ្ឋអាមេរិកថា ភាពខុសគ្នាខាងមនោគមវិជ្ជាមិនគួរក្លាយជាការបែងចែកដែលមិនអាចជួសជុលបាននៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរនោះទេ។
នៅក្នុងកាលវិភាគដ៏មមាញឹករបស់លោកសុី មេដឹកនាំចិន និងប្រធានាធិបតីបារាំង លោក Emmanuel Macron ទើបតែមានជំនួបខ្លីមួយនៅព្រឹកថ្ងៃទី១៥ខែវិច្ឆិកានេះ មុនពេលអ្នកទាំងពីរបានចូលរួមសម័យបើកកិច្ចប្រជុំកំពូល G20 ៕ ដោយ៖ ធីរីណា
រូបថត ៖ xinhua