ខេត្តកណ្ដាល ៖ យុវជនម្នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ខណៈដែលកំពុងជិះម៉ូតូត្រូវរថយន្តមួយគ្រឿងបើកមកបុកពេញមួយទំហឹង កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង២៣និង៥០នាទី នៅលើផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិព្រែកអ៊ុងប៉ាង ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល។
មន្ត្រីនគរបាលចរាចរណ៍ស្រុកស្អាងបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ចាន់ សុខឡេង ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅក្នុងភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល បើកបរម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ2010 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BB-4480 ។ ចំណែកភាគីខាងរថយន្តម៉ាក ហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3F-8505 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ(រត់គេចខ្លួន) ។
ប្រភពដដែលបន្តថា មុនពេលកើតហេតុ គេបានឃើញរថយន្ដមួយគ្រឿងខាងលើបើកបរក្នុងទិសដៅពីត្បូងទៅជើង (កោះធំ-តាខ្មៅ) លុះបើកមកដល់ចំណុចភូមិឃុំកើតហេតុក៏បានបុកជាមួយម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមដែលបើកបញ្រ្ជាសទិសគ្នាពីជើងទៅត្បូង (តាខ្មៅ-កោធំ) ពេញមួយទំហឹង បណ្ដាលឱ្យជនរងគ្រោះជាអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។ ចំណែកអ្នកបើកបររថយន្តបានទុករថយន្តចោល រួចរត់គេចខ្លួនបាត់ស្រមោល។
ក្រោយពីបានទទួលព័ត៌មានខាងលើ សមត្ថកិច្ចជំនាញបានចុះមកពិនិត្យនិងវាស់វែងកន្លែងកើតហេតុ រួចហើយយកវត្ថុតាងទាំងពីរមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។ ចំណែកសាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ។
ការសន្និដ្ឋានបឋម ករណីនេះបណ្ដាលមកពីអ្នកបើកបរររថយន្ដបើកបរក្នុងល្បឿនលឿន ខ្ជីខ្ជាខ្វះការប្រុងប្រយ័ត្ន ។ អ្នកបើកបរម៉ូតូបើកក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ទើបបង្កឱ្យមានគ្រោះថ្នាក់កើតឡើង ៕
ដោយ៖ ស្អាង ជ័យ