អ៊ុយក្រែនបានចោទប្រកាន់រុស្ស៊ីថា បានបាញ់មីស៊ីលចំនួន១១០ គ្រាប់ និងយន្តហោះគ្មានមនុស្សបើក (UAVs) ផលិតដោយអុីរ៉ង់ចំនួន១០គ្រឿង ចូលទៅក្នុងប្រទេសអ៊ុយក្រែននៅព្រឹកព្រលឹមថ្ងៃទី១៥ ខែវិច្ឆិកា។
ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានដកស្រង់ព័ត៌មានពីអ៊ុយក្រែនដែលបានប្រកាសថា កាលពីថ្ងៃទី ១៥ ខែវិច្ឆិកា ប្រទេសរុស្ស៊ីបានបាញ់កាំជ្រួចមីស៊ីលទៅលើទីក្រុងជាច្រើននៅទូទាំងប្រទេសអ៊ុយក្រែន បន្ទាប់ពីប្រទេសនេះបានដកកងទ័ពរបស់ខ្លួនចេញពីតំបន់ Kherson ។
ទីក្រុងកៀវបានចោទប្រកាន់រុស្ស៊ីថាបានកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន ក្នុងការវាយប្រហារដោយមីស៊ីលទ្រង់ទ្រាយធំ ។ ការវាយប្រហារតាមអាកាសបានកើតឡើងក្រោយមួយថ្ងៃបន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានលើកឡើងពីលក្ខខណ្ឌសម្រាប់កិច្ចចរចាសន្តិភាព ដែលទីក្រុងមូស្គូបានហៅថា “មិនប្រាកដនិយម និងមិនគ្រប់គ្រាន់” ។
យោងតាមសារព័ត៌មាន Reuters ស៊ីរ៉ែនបានបន្លឺឡើងពេលមានការវាយឆ្មក់តាមដែនអាកាស និងការផ្ទុះយ៉ាងខ្លាំងបានលាន់ឮឡើងនៅក្នុងទីក្រុងធំៗរាប់សិបទីក្រុង នេះគឺជា “ភ្លៀងកាំជ្រួចមីស៊ីល” ខ្លាំងបំផុតក្នុងសង្គ្រាម៩ខែកន្លងមក៕ ដោយ៖ ធីរីណា
រូបថត ៖ Reuters