ព័ត៌មានទាន់ហេតុការណ៍៖

យប់មិញបាត់វត្តមានប្រធានាធិបតីអាម៉េរិក លោក Joe Biden នៅឯពិធីលៀងសាយភោជន៍ ព្រឹកនេះបាត់វត្តមានប្រធានាធិបតីចិន លោក Xi Jinping វិញម្តង

ចែករំលែក៖

ប្រទេសឥណ្ឌូនេស៊ី ៖ យប់មិញបាត់វត្តមានប្រធានាធិបតីអាម៉េរិក លោក Joe Biden នៅឯពិធីលៀងសាយភោជន៍ ព្រឹកនេះបាត់វត្តមានប្រធានាធិបតីចិន លោក Xi Jinping វិញម្តង នៅឯពិធីដាំដើមកោងកាងនាមាត់សមុទ្រដែលលោក Joe Biden បានចំណាយពេលជាង១ម៉ោងជាមួយមេដឹកនាំក្រុមប្រទេសអ្នកមានចំនួន១៩ទៀត។ នៅឯពិធីដាំដើមឈើនោះ មានមេដឹកនាំខ្លះកាន់ចបកាប់មិនត្រូវទំនងរហូតទាល់តែត្រូវគេប្រាប់ ហើយមានតែនាយករដ្ឋមន្រ្តីជប៉ុនម្នាក់គត់ដែលបាននាំភរិយាទៅជាមួយ (ខ្ញុំនឹងរំលេចនៅក្នុងសៀវភៅក្រៅឆាកភាគ២របស់ខ្ញុំ ថាមកពីមូលហេតុអ្វី?)។ នេះជាការលើកឡើងពីលោក ពុយ គា អ្នកកាសែតជើងចាស់ ប្រកបដោយបទពិសោធន៍ និងអ្នកឆ្លងឆ្លើយ អោយកាសែតជប៉ុន នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២។ 

លោកបន្តថា, ព្រឹកនេះអាកាសធាតុក្តៅហែងនៅកោះបាលី ជួនពេលមានការវាយប្រហារដោយមុីស៊ីលលើទឹកដីប៉ូឡូញធ្វើឱ្យមេដឹកនាំG20 ដែលកំពុងមានវត្តមានជុំគ្នា ក៏កោះប្រជុំបន្ទាន់បណ្តាប្រទេសG7 ដោយគ្មានវត្តមានមេដឹកនាំរុស្ស៊ីនៅទីនេះ ព្រោះរដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក Sergey Lavrov បានចាកចេញពីកោះបាលីកាលពីយប់ម្សិលមិញនៅពេលដែលកិច្ចប្រជុំមិនទាន់ចប់នៅឡើយ ទុកឱ្យរដ្ឋមន្រ្តីហិរញ្ញវត្ថុ (រុស្ស៊ី) បន្តវត្តមានចូលរួមជំនួស។ 

ដោយសារតែមានកិច្ចប្រជុំបន្ទាន់របស់G7 កិច្ចប្រជុំG20 ត្រូវពន្យាពេលអស់៣ម៉ោង។ ប្រទេសG7 រួមមាន៖ អាម៉េរិក បារាំង អាឡឺម៉ង់ អ៊ីតាលី អង់គ្លេស កាណាដា និងជប៉ុន ៕

ដោយ : លោក ពុយ គា


ចែករំលែក៖