នេះជាលើកទី៣ហើយដែលអតីតប្រធានាធិបតីដូណាល់ ត្រាំ ប្រកាសឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីអាមេរិក សម្រាប់ការបោះឆ្នោតនៅក្នុងឆ្នាំ២០២៤។
នៅថ្ងៃទី១៥ខែវិច្ឆិកា (ពេលវេលាអាមេរិក) លោកត្រាំ អាយុ៧៦ឆ្នាំ បានប្រកាសជាផ្លូវការថា លោកនឹងចូលរួមប្រកួតប្រជែងតំណែងប្រធានាធិបតីអាមេរិកនៅក្នុងឆ្នាំ ២០២៤ ។ លោកត្រាំបានបញ្ជាក់ថា«ដើម្បីធ្វើឱ្យអាមេរិកកាន់តែខ្លាំង ខ្ញុំប្រកាសចូលរួមជាបេក្ខភាពនៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤ ។
ក្នុងពេលនេះដែរប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃ១៦ខែវិច្ឆិកានេះបានឆ្លើយតបទៅនឹងការប្រកាសឈរឈ្មោះជាបេក្ខជនប្រធានាធិបតីអាមេរិកជាផ្លូវការពីសំណាក់លោក ដូណាល់ ត្រាំ ដោយនិយាយថាអតីតប្រធានាធិបតីអាមេរិកមកពីគណបក្សសាធារណរដ្ឋរូបនេះបានធ្វើឱ្យសហរដ្ឋអាមេរិកបរាជ័យ នៅក្នុងអាណត្តិដឹកនាំប្រទេសរបស់ខ្លួន។
ថ្លែងក្នុងសារខ្លីមួយបង្ហោះលើ Twitter ចេញពីកោះបាលី ជាទីដែលលោកកំពុងចូលរួមកិច្ចប្រជុំកំពូល G20 លោក បៃដិន បានសង្កត់ធ្ងន់ដូច្នេះថា «ដូណាល់ ត្រាំ បានធ្វើឱ្យសហរដ្ឋអាមេរិកបរាជ័យ»។ សាររបស់លោក បៃដិន ក៏មានអមជាវីដេអូមួយដែលនិយាយដែរថា លោក ត្រាំ ដឹកនាំសេដ្ឋកិច្ចក្លែងក្លាយសម្រាប់ពួកអ្នកមាន វាយប្រហារការថែទាំសុខាភិបាល ជ្រុលនិយម វាយប្រហារសិទ្ធិស្ត្រី និងញុះញង់ឱ្យមានកុបកម្មដ៏ហិង្សាដើម្បីកែប្រែលទ្ធផលបោះឆ្នោតដែលបង្ហាញថារូបលោកចាញ់លោកបៃដិន កាលពីឆ្នាំ២០២០។
លោក ដូណាល់ ត្រាំ បានចុះឈ្មោះជាបេក្ខជនប្រធានាធិបតីអាមេរិក សម្រាប់ការបោះឆ្នោតនៅឆ្នាំ២០២៤ជាផ្លូវការហើយ ជាមួយគណៈកម្មាធិការរៀបចំការបោះឆ្នោតសហព័ន្ធ នៅយប់ថ្ងៃអង្គារសប្ដាហ៍នេះ (ពេលវេលានៅសហរដ្ឋអាមេរិក) ហើយបានបង្កើតគណៈកម្មាធិការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតថ្មីមួយផងដែរ។ ថ្លែងនៅចំពោះមុខអ្នកគាំទ្រនៅឯភូមិគ្រឹះ Mar-a-Lago ក្នុងរដ្ឋផ្លរីដា លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «ដើម្បីធ្វើឱ្យសហរដ្ឋអាមេរិកអស្ចារ្យម្ដងទៀត នៅយប់នេះខ្ញុំប្រកាសឈរឈ្មោះជាបេក្ខជនប្រធានាធិបតីនៃសហរដ្ឋអាមេរិក…ហើយខ្ញុំនឹងធានាឱ្យបានថាលោកចូ បៃដិន នឹងមិនទទួលបានអាណត្តិ៤ឆ្នាំបន្ថែមទៀតនោះទេ»។
លោក ចូ បៃដិន មានអាយុ ៧៩ឆ្នាំ មិនទាន់ប្រកាសជាផ្លូវការថានឹងឈរឈ្មោះបោះឆ្នោតម្ដងទៀត ឬក៏យ៉ាងណានោះទេ តែសមាជិកគណបក្សប្រជាធិបតេយ្យខ្លះ
បានអំពាវនាវឱ្យលោកកុំឈរឈ្មោះសាជាថ្មី ដោយសារបញ្ហាអាយុរបស់លោក៕ ដោយ៖ ធីរីណា
រូបថត ៖ Reuters