ព័ត៌មានទាន់ហេតុការណ៍៖

មេបញ្ជាការយោធភូមិភាគទី៥ ជួបសំណេះសំណាល និងពិភាក្សាការងាជាមួយប្រតិភូយោធាខេត្តច័ន្ទបុរី ព្រះរាជាណាចក្រថៃ

ចែករំលែក៖

ខេត្តបាត់ដំបង ៖ លោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ ព្រមទាំងប្រតិភូយោធភូមិភាគទី៥ បានទទួលស្វាគមន៍ លោក វរនាវីឯក ម៉ៃទ្រី ប៊ុតប៊ុរី មេបញ្ជាការយោធាខេត្តច័ន្ទបុរី ដែលបានដឹកនាំគណៈប្រតិភូរបស់ភាគីថៃ ជួបសំណេះសំណាល សម្ដែងការគួសម នៅទីបញ្ជាការយោធភូមិភាគទី៥ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ។

លោកឧត្តមសេនីយ៍ឯក ឯក សំអូន ក្នុងនាម មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ មានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានទទួលស្វាគមន៍បដិសណ្ឋារកិច្ចប្រតិភូយោធាខេត្តច័ន្ទបុរី-ត្រាត ដែលបានជួបសម្ដែងការគួរសម និងពិភាក្សាការងាររាជការ រវាងថ្នាក់ដឹកនាំរបស់កងកម្លាំងយោធភូមិភាគទី៥ ជាមួយកងកម្លាំងយោធាខេត្តច័ន្ទបុរី-ត្រា នាឱកាសនេះ។

ការអញ្ជើញជួបសម្តែងការគួរសម រវាងថ្នាក់ដឹកនាំរបស់ភូមិភាគ និងប្រតិភូ នាពេលនេះ គឺជាការចូលរួមចំណែកក្នុងការពង្រឹងចំណងមិត្តភាព សាមគ្គីភាព សម្ព័ន្ធមេត្រីភាព ដើម្បីជាប្រយោជន៍រួម និងរក្សាបាននូវសន្តិភាព សន្តិសុខ ស្ថិរភាពនៃភាគីយើងទាំងពីរ ដែលមានភូមិផងរបងជាមួយគ្នា។ កន្លងមកថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានរួមសហការគ្នាជាបន្តបន្ទាប់ដើម្បីរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ ជាពិសេសជួយសម្រួលដល់ប្រជាជនដែលរស់នៅតាមបណ្ដោយព្រំដែននៃភាគីទាំងពីរប្រកបដោយភាពសុខសាន្ត៕

ដោយ : សហការី


ចែករំលែក៖