ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ក្រោយពី លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាត់អនុរដ្ឋលេខាធិការចំនួន២រូប រួមមាន លោក ឃី កុសល និងលោក ឈុំ ឆុនលី និងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានកសិកម្ម ឱ្យចុះ ដោះស្រាយបញ្ហាស្រូវធ្លាក់ថ្លៃរួចមក ថ្ងៃនេះ ក្រុមការងារបានមកដល់ខេត្តបាត់ដំបង និងបានជួបប្រជុំជាមួយ ភាគីពាក់ព័ន្ធ ជាពិសេស បានចុះជួបដោយផ្ទាល់ជាមួយបងប្អូនកសិករ។
ក្រោយពីបានជួបប្រជុំពិភាក្សា និងបានចុះទៅពិនិត្យដល់ទីតាំងជាក់ស្ដែង លោកឧកញ៉ា ភូ ពុយ អគ្គនាយកនៃរោងម៉ាស៊ីនកិនស្រូវបៃតង បានស្ម័គ្រចិត្តចូលរួមសហការជាមួយរាជរដ្ឋាភិបាល ក្នុងការដាក់ចេញ នូវគោលការណ៍រក្សាស្ថេរភាពតម្លៃស្រូវ ដោយបានកំណត់នូវថ្លៃធានាទិញអប្បបរមាសម្រាប់ស្រូវផ្ការំដួល ប្រភេទលេខ១ ត្រឹម៩បាត/គីឡូក្រាម ឬ ១ ០៤០រៀល/គីឡូក្រាម ចាប់ពីល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២។
ទន្ទឹមគ្នានេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយរដ្ឋបាលឃុំ ដើម្បី ផ្សព្វផ្សាយពីតម្លៃកំណត់ខាងលើ ព្រមទាំងចាត់ឱ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង ចុះ តាមដានការអនុវត្តនេះ ដោយមិនឱ្យប្រជាកសិករយើងបាត់បង់ផលប្រយោជន៍ដោយគ្មានហេតុផលនោះឡើយ។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមអំពាវនាវដល់បងប្អូនប្រជាកសិករដែលជួបបញ្ហាជាក់ស្ដែង ឱ្យទាក់ទងផ្ទាល់មកក្រុមការងាររបស់ក្រសួង តាមរយៈទូរស័ព្ទលេខ ០៩៥ ៩៥១ ១១១ (សម្រាប់ខេត្តបាត់ដំបង) និងលេខ ០១២ ៨៣៨ ៩៣៧ (សម្រាប់ខេត្តបន្ទាយមានជ័យ) ដើម្បីឱ្យក្រុមការងារក្រសួងអាចទទួលបានព័ត៌មាន ពេញលេញ និងធ្វើការសម្របសម្រួលជាមួយរោងម៉ាស៊ីនកិនស្រូវជូន។
ក្រុមការងារក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងវិស័យឯកជនពាក់ព័ន្ធដែលមានលោក ឧកញ៉ា ភូ ពុយ ជាអ្នកធានាអនុវត្តគោលការណ៍នេះ នឹងបន្តការងារទៅខេត្តបន្ទាយមានជ័យ នៅថ្ងៃស្អែក៕
ដោយ : សុខ ខេមរា