ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់២នាក់រវាងរថយន្តបុកម៉ូតូបញ្ច្រាសគ្នានៅក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង ៖ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់បណ្ដាលឱ្យបុរស២នាក់ស្លាប់បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងក្បាលល្ងាចនៅក្រុងបាវិត។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២២  លើផ្លូវជាតិលេខ១ ចន្លោះគឺឡូម៉ែត្រលេខ ១៥៤-១៥៥ ស្ថិតក្នុងភូមិព្រៃផ្តៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលក្រុងបានឱ្យដឹងថាបុរសរងគ្រោះមានឈ្មោះ ថន ភត្រ្តា  អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រមានទីលំនៅភូមិគល្ងាច ឃុំកំពង់ចិនខាងជើង ស្រុកស្ទោង ខេត្តកំពង់ធំ និងឈ្មោះ ឆាន លីហុង អាយុ ១៨ឆ្នាំ ជនជាតិខ្មែរមុខរបរកម្មកររោងចក្រមានទីលំនៅភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង បើកម៉ូតូម៉ាក ហុងដា ពណ៌ខ្មៅ គ្មានស្លាកលេខ ខូចខាតទាំងស្រុង។

ចំណែក អ្នកបើករថយន្តបង្កហេតុមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេក្រោយឃើញសភាពការណ៍មិនស្រួលបានរត់គេចខ្លួនបន្សល់តែរថយន្តម៉ាកហាយឡេនឌ័រពណ៌ទឹកមាសពាក់ស្លាកលេខភ្នំពេញ ២AX៤៥១៣នៅនឹងកន្លែង។

តាមសាក្សីបានឱ្យដឹងថាមុនកើតហេតុមានបុរស២នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដា ពណ៌ខ្មៅ គ្មានស្លាកលេខ លើផ្លូវជាតិលេខ១ដោយធ្វើដំណើរពីកើតទៅលិចខណៈនោះស្រាប់តែមានរថយន្តមួយគ្រឿង ម៉ាកហាយឡេនឌ័រពណ៌ទឹកមាសពាក់ស្លាកលេខភ្នំពេញ ២AX៤៥១៣ធ្វើដំណើរបញ្ច្រាសគ្នាហើយបានបត់ឆ្វេងមិនប្រយ័ត្នក៏បុកគ្នាយ៉ាងពេញទំហឹងលាន់សូរដូចរន្ទះបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរនិងរាយការណ៍មកសមត្ថកិច្ចមកអន្តរាគមន៍ជួយសង្គ្រោះ។

ប៉ុន្តែអកុសលដោយរងរបួសធ្ងន់ទាំង២នាក់បានស្លាប់ពេលដែលបញ្ជូនមកដល់មន្ទីរពេទ្យបង្អែកជីភូ គួរឱ្យសង្វេគបំផុត។

បច្ចុប្បន្នសាកសពទាំង០២នាក់សមត្ថកិច្ចបានធ្វើកំណត់ហេតុនិងប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត។

មធ្យោបាយធ្វើដំណើរ ទាំង២ គ្រឿងសមត្ថកិច្ចវាស់វែងនិងអូស យកមករក្សាទុកនៅនៅអធិការដ្ឋាននគរបាលក្រុងបាវិត ៕

ដោយ៖ សុថាន


ចែករំលែក៖