យោធាកូរ៉េខាងត្បូងបានប្រកាសកាលពីថ្ងៃទី១៧ ខែវិច្ឆិកាថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងមិនស្គាល់ប្រភេទចូលទៅក្នុងដែនទឹកភាគខាងកើតនៃប្រទេសនេះ។
នាយសេនាធិការចម្រុះកូរ៉េ (JCS) បានបញ្ជាក់ព័ត៌មានថា ការបាញ់បង្ហោះនេះបានធ្វើឡើងនៅពេលដែលកូរ៉េខាងជើងបានព្រមានអំពីសកម្មភាពយោធាដ៏តឹងតែង ប្រសិនបើសហរដ្ឋអាមេរិកបន្តយុទ្ធសាស្ត្រពង្រឹងសមត្ថភាពការពារជាតិជាមួយសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងតំបន់។
កាលពីថ្ងៃទី៩ ខែវិច្ឆិកា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីចូលទៅក្នុងសមុទ្រខាងកើតផងដែរ។
ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក Choe Son-hui បានព្រមានថា ក្រុងព្យុងយ៉ាងនឹងមាន “ការឆ្លើយតបខាងយោធាកាន់តែធ្ងន់ធ្ងរ”ចំពោះកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនវត្តមានយោធាសហរដ្ឋអាមេរិកនៅក្នុងតំបន់។
លោក Choe ក៏បានអះអាងដែរថា សហរដ្ឋអាមេរិកកំពុង “លេងល្បែងដែលវានឹងសោកស្តាយ” ខណៈពេលដែលការរិះគន់កិច្ចប្រជុំត្រីភាគីនាពេលថ្មីៗនេះរវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ដែលក្នុងនោះមេដឹកនាំបានរិះគន់ការសាកល្បងអាវុធរបស់កូរ៉េខាងជើង និងបានសន្យាបន្តកិច្ចសហប្រតិបត្តិការសន្តិសុខឱ្យកាន់តែជិតស្និទ្ធ។
សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយបន្ទាប់ពីកិច្ចប្រជុំកំពូលថា កូរ៉េខាងជើងនឹងទទួលបានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ប្រសិនបើខ្លួនបានសាកល្បងអាវុធនុយក្លេអ៊ែរ៕ ដោយ៖ ធីរីណា
រូបថត ៖ Yonhap