ភ្នំពេញ៖ ក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅក្នុងបរិវេណវត្តតាំងក្រសាំងខាងជើង ក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃទី១៧ វិច្ឆិកា២០២២នេះ ប្រជាពលរដ្ឋបានស្នើឱ្យអាជ្ញាធរជួយ ដោះស្រាយជាសំណើរ សំណូមពរយ៉ាងច្រើន លើការជួលជុល ការស្ថាបនា ផ្លូវ លូនិងការស្តារប្រឡាយ ដើម្បីរំដោះទឹក និង សម្រួលពន្លឿនការងារឯកសារ សំបុត្រស្នាម នៅច្រកចេញចូលតែមួយ សង្កាត់ ខណ្ឌ ។
វេទិកានេះធ្វើឡើងក្រោមវត្តមានលោក ជួប ខុន សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញតំណាងឱ្យលោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិង លោកស៊ុយ សេរិទ្ធ អភិបាលរងរាជធានី តំណាងឱ្យលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
ក្នុងវេទិកានេះប្រជាពលរដ្ឋបានលើកឡើងជាសំណួរ សំណើរនិងសំណូមពរផ្ទាល់មាត់ចំនួន១៥រូប ក្នុងនោះរួមមាន៖ ស្នើសុំការជួលជុលផ្លូវមានជង្ហុក សុំការស្ថាបនាផ្លូវបេតុងតូចៗនៅក្នុងភូមិដ្ឋានរបស់ពួកគាត់ ស្នើសុំធ្វើបណ្តាញលូបង្ហូរទឹក ការស្នើសុំស្តារប្រឡាយ ការជម្រុញអោយការផ្តល់សេវានៅច្រកចេញ ចូលតែមួយអោយបានលឿន ដូចជាការសុំបញ្ជាក់សំបុត្រកំណើត អាពាហ៍ ពិពាហ៍ សុំការកូនជាដើម។ ការស្នើសុំបាញ់ថ្នាំសម្លាប់មូស និងសុំតបណ្តាញទឹកស្អាតជាដើម។
ពាក់ព័ន្ធនឹងការស្នើសុំអោយអាជ្ញាធររាជធានី ជួយអន្តរាគមន៍នេះ លោក ស៊ុយ សេរិទ្ធ បានមានប្រសាសន៍ថា៖ សម្រាប់អាជ្ញាធរ សង្កាត់ ខណ្ឌ និងអាជ្ញាធររាជធានីភ្នំពេញបានយកចិត្តទុកដាក់ណាស់ ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋលើបញ្ហាទាំងនេះ ពោលគឺយើងដោះស្រាយជាតំណាក់កាល ព្រោះយើងធ្វើអ្វីៗទៅតាមគម្រោងថវិកាប្រចាំឆ្នាំឬ គម្រោងអភិវឌ្ឍន៍៣ឆ្នាំរំកិលជាដើម ហើយគម្រោងនោះត្រូវបែងចែកជា២ថែមទៀត នោះគឺគម្រោងផ្នែករឹងនិងគម្រោងផ្នែកទន់ ។ លោកបញ្ជាក់ថា គម្រោងផ្នែករឹងគឺការអភិវឌ្ឍមូលដ្ឋាន ហើយគម្រោងផ្នែកទន់គឺការបណ្តុះបណ្តាល ។ ប៉ុន្តែដោយជិត៣ឆ្នាំនេះយើងជួបបញ្ហាជម្ងឺកូវីដ-១៩ គម្រោងមូលនិធិខណ្ឌ រាជធានី ត្រូវបានកាត់ផ្តាច់ នៅសល់តែគម្រោងអភិវឌ្ឍន៍សង្កាត់បន្តិចបន្តួចប៉ុណ្ណោះ ដែលយើងពិបាកអភិវឌ្ឍន៍អោយបានទាន់ចិត្តប្រជាពលរដ្ឋចង់បាន។
លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិសែន ជ័យបានមានប្រសាសន៍ដែរថា៖ ចំពោះភាពយឺតយ៉ាវក្នុងការផ្តល់សេវានៅច្រកចេញ ចូលតែមួយ ដូចជាការសុំបញ្ជាក់សំបុត្រកំណើត អាពាហ៍ ពីពាហ៍ សុំការកូនជាដើមនោះ លោកបានជម្រុញរួចហើយ ខណៈដែលលោកមកកាន់តំណែងជាអភិបាលខណ្ឌ ។ លោកទទួលស្គាល់ពីភាពយឺតយ៉ាវកន្លងមកពិតជាមាន នោះគឺផ្តើមចេញពី ការខុសឈ្មោះពីគល់បញ្ជី ដែលតម្រូវអោយមានការផ្ទៀងផ្ទាត់ឡើងវិញ។
លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ ចំពោះការបាញ់ថ្នាំមូសនៅតាមលូទឹកស្អុយ លោកនឹងអនុវត្តភ្លាមទៅតាមការស្នើសុំរបស់ប្រជាពលរដ្ឋ ។ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោកស្នើអោយប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះមូសខ្លាដែលបង្កអោយកើតជម្ងឺគ្រុនឈាម នោះបងប្អូនត្រូវបំបាត់ជំរកមូសខ្លាអោយអស់ ព្រោះមូសខ្លាពងតែក្នុងទឹកដក់ថ្លាតែប៉ុណ្ណោះ។
សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ លោកជួប ខុន បានមានប្រសាសន៍ថា វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនេះ គឺផ្តោតសំខាន់ពាក់ព័ន្ធនិងកង្វល់ផ្ទាល់របស់ប្រជាពលរដ្ឋ ក្នុងនោះរួមមាន បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន និងបញ្ហាអភិវឌ្ឍន៏នៅមូលដ្ឋាន ដើម្បីឱ្យអាជ្ញាធរបានដឹងលឺ និងរកយន្តការដោះស្រាយជូន។
វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំបេញ ត្រូវបានធ្វើ ឡើងក្នុង១ឆ្នាំម្តង ដើម្បីដោះស្រាយរាល់កង្វល់ សំណូមពរនិងសំណើររបស់ប្រជាពល រដ្ឋ ។
ប៉ុន្តែក្នុងរយៈពេល២ឆ្នាំជាប់គ្នានេះត្រូវបានខកខានដោយការរាតត្បាតជម្ងឺកូវីដ-១៩ យើងមិនបានជួបជុំគ្នាបែបនេះទេ ។ តែពេលនេះយើងបានជួបជុំគ្នាជាធម្មតាឡើងវិញហើយ ៕
ដោយ ៖ សំរិត