ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋាភិបាលមីយ៉ាន់ម៉ាលើកលែងទោសអ្នកទោសជិត៦.០០០នាក់

ចែករំលែក៖

ក្នុងចំណោមអ្នកទោស៦០០០នាក់ ដែលត្រូវបានលើកលែងទោសនាពេលថ្មីៗនេះ មានជនបរទេសមួយចំនួន រួមទាំងសេដ្ឋវិទូអូស្ត្រាលី Sean Turnell ផងដែរ។
សារព័ត៌មានរ៉យទ័របានផ្សាយថា មុនពេលត្រូវបានចាប់ខ្លួនដោយចោទប្រកាន់ពីបទបំពានច្បាប់សម្ងាត់ជាតិ និងបញ្ហាជាច្រើនផ្សេងទៀត លោក Sean Turnell គឺជាទីប្រឹក្សានៅក្នុងរដ្ឋបាលរបស់លោកស្រី Aung San Suu Kyi ក៏ត្រូវបានចាប់ខ្លួននៅពេលនោះដែរ។
នៅក្នុងសេចក្តីប្រកាសរបស់ក្រុមប្រឹក្សាយោធាមីយ៉ាន់ម៉ាបានបញ្ជាក់ថា រដ្ឋាភិបាលយោធាកាលពីថ្ងៃទី១៧ ខែវិច្ឆិកាបានបញ្ជាឱ្យលើកលែងទោសដល់អ្នកទោសជិត ៦ពាន់នាក់ ដើម្បីអបអរសាទរទិវាជាតិរបស់ប្រទេសមីយ៉ាន់ម៉ា។
សារព័ត៌មាន Myanmar Now បានផ្សាយថា “ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកបុណ្យជាតិរបស់ប្រទេសមីយ៉ាន់ម៉ា ក្រុមប្រឹក្សាយោធាបានបញ្ជាឱ្យលើកលែងទោសនិងដោះលែងអ្នកទោសជិត៦ពាន់នាក់ រួមទាំងជនបរទេស៤នាក់ និងមនុស្សល្បីល្បាញ១១នាក់នៅក្នុងប្រទេសមីយ៉ាន់ម៉ា” ។
យោងតាមសារព័ត៌មាន BBC ក្រៅពីលោក Turnell ក្នុងចំណោមអ្នកទោសជិត៦ពាន់នាក់ដែលត្រូវបានលើកលែងទោសដោយរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ានាពេលថ្មីៗនេះ មានជនបរទេសមួយចំនួនទៀតរួមមានលោក Vicky Bowman អតីតឯកអគ្គរាជទូតអង់គ្លេសប្រចាំប្រទេសមីយ៉ាន់ម៉ា និងលោក Toru Kubota ដែលជាផលិតករភាពយន្តជប៉ុន។
លោក Bowman ពីមុនត្រូវបានចោទប្រកាន់ពីបទបំពានច្បាប់អន្តោប្រវេសន៍របស់ប្រទេសមីយ៉ាន់ម៉ា ខណៈដែលលោក Kubota ត្រូវបានចោទប្រកាន់ពីបទញុះញង់ឱ្យមានការបះបោរ និងរំលោភលើច្បាប់ព័ត៌មាន និងឃោសនារបស់មីយ៉ាន់ម៉ា៕

ដោយ៖ ធីរីណា(រូបថត៖ Reuters )


ចែករំលែក៖