ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្ត្រីអូស្ត្រាលីអរគុណសម្ដេចតេជោ ក្រោយពីសាស្ត្រាចារ្យជាតិអូស្ត្រាលីម្នាក់ត្រូវ យោធាមីយ៉ាន់ម៉ាដោះលែង

ចែករំលែក៖

ភ្នំពេញ៖ លោក Anthony Albenese  នាយករដ្ឋមន្ត្រីអូស្ត្រាលីបានថ្លែងអំណរគុកដល់ប្រធានអាស៊ានឆ្នាំ២០២២ និងសមាជិកអាស៊ានទាំងអស់ដែលបានជំរុញ និងធ្វើឱ្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាដោះលែងសាស្ដ្រាចារ្យជនជាតិអូស្ត្រាលីលោក Turnell ឱ្យមានសេរីភាពវិញ។

ថ្លែងក្នុងសន្នីសិទសារព័ត៌មាននៅទីក្រុងបាងកកកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ម្សិលមុិញ លោក Anthony Albenese បានថ្លែងថា៖ «ខ្ញុំចង់អរគុណមិត្តភក្ដិអាស៊ានរបស់យើងជាពិសេសនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន សែន ដែលជាប្រធានអាស៊ាន និងមិត្តរបស់យើងជាសមាជិកអាស៊ានផ្សេងទៀតដែលបានរួមគ្នាក្នុងការជំរុញឱ្យមានការដោះលែងសាស្ត្រាចារ្យ Turnell»។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ទី១៧ ខែវិច្ឆិកាថា មេដឹកនាំយោធាមីយ៉ាន់ម៉ាបានផ្តល់ការលើកលែងទោសដល់លោក Sean Turnell សេដ្ឋវិទូអូស្ត្រាលី និងជាអតីតទីប្រឹក្សាប្រជាធិបតេយ្យលោកស្រី Aung San Suu Kyi និងអ្នកទោសជិត ៦ពាន់នាក់ផ្សេងទៀត ដើម្បីប្រារព្ធពិធីបុណ្យជាតិ។

អតីតបេសកជនអង់គ្លេស Vicky Bowman និងស្វាមីគឺស្ថិតក្នុងចំណោមអ្នកដែលត្រូវដោះលែង រួមជាមួយនឹងពលរដ្ឋអាមេរិក Kyaw Htay Oo និងផលិតករភាពយន្តជប៉ុន Toru Kubota ក៏ត្រូវដោះលែងផងដែរ។

សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបង្ហោះសារ លោក Anthony Albenese  នាយករដ្ឋមន្ត្រីអូស្ត្រាលី នៅលើ ប្រព័ន្ធ Telegram នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ថា, (នាយករដ្ឋមន្រ្តីអូស្រ្តាលី៖ «ខ្ញុំសូមអរគុណដល់…មិត្តអាស៊ានរបស់យើង, ជាពិសេសគឺនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន សែន ដែលបានដឹកនាំអាស៊ាន និងបានរក្សាការដាក់សម្ពាធ…ព្រមទាំងប្រទេសជាមិត្តដទៃទៀតនៅក្នុងអាស៊ាន ដែលបានខ្នះខ្នែងនាំឱ្យមានការដោះលែងសាស្ត្រាចារ្យ លោក Turnell»)

នេះជាការថ្លែងរបស់លោក Anthony Albanese នាយករដ្ឋមន្រ្តីអូស្រ្តាលី ក្នុងសន្និសីទនាទីក្រុងបាងកក ប្រទេសថៃ នាថ្ងៃទី១៧ ខែវិច្ឆិកា  ឆ្នាំ២០២២ ៕

ដោយ : សិលា


ចែករំលែក៖