ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងចម្រុះ​ស្រុកជលគិរី ចុះបង្ក្រាបបទល្មើសនេសាទ របាំងស្បៃមុងនៅចំណុចស្វាស្លាប់បឹងផុក ក្រោយភូមិអង្គជ្រុំ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ យោង​តាម​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ នៅព្រឹកថ្ងៃ​សុក្រ​ទី​១៨​ ខែវិច្ឆិកា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ ដេីម្បី​ទប់ស្កាត់​បទល្មើស​នេសាទ​នៅលេីផ្ទៃទឹក​ កម្លាំងចម្រុះ​ស្រុកជលគិរី ចុះបង្ក្រាបបទល្មើសនេសាទ របាំងស្បៃមុងនៅចំណុចស្វាស្លាប់បឹងផុក ក្រោយភូមិអង្គជ្រុំ ស្រុក​ជលគិរី​។ 

របាយការណ៍​ដដែល​បន្តថា​ កម្លាំងអធិការដ្ឋាននគរបាលស្រុកជលគិរី សហការជាមួយគណៈបញ្ជាការឯកភាពស្រុក ដឹកនាំដោយលោក មុត ម៉េង នាយករដ្ឋបាលសាលាស្រុកជលគិរី សរុបចំនួន ១៣ នាក់ មធ្យោបាយបាឡាស្មាច់ចំនួន០៣គ្រឿង កាលពីថ្ងៃទី១៧ ខែវិច្ឆិកាម្សិលមិញនេះ​ បានធ្វើការចុះបង្ក្រាបបទល្មើសនេសាទរបាំងស្បៃមុងនៅចំណុចស្វាស្លាប់ បឹងផុក ក្រោយភូមិអង្គជ្រុំ ភូមិអន្លង់អក ភូមិបឹងឆកឬស្សី ស្ថិតនៅក្នុងឃុំកោះថ្កូវ និងឃុំជលសា ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។

ក្នុងប្រតិបត្តិការនោះ​ជាលទ្ធផលសម្រេចបានរួមមាន៖

១.រុះរើរបាំងស្បៃមុងចំនួន ២៤ កន្លែង ប្រវែង ១២០០ ម៉ែត្រ

២.លបលូស្បៃមុងចំនួន ២៤លប

៣.បង្គោលសរុបចំនួន ២៥០ ដើម

៤.ចាក់លែងកូនត្រីចូលបឹងធម្មជាតិចំនួន ១៥០ គីឡូក្រាម។

ក្រោយប្រតិបត្តិការចប់​ ឧបករណ៍សម្ភារៈរឹបអូសបានត្រូវបានបំផ្លាញចោលនៅនឹងកន្លែង៕

ដោយ​៖សហការី​


ចែករំលែក៖