ប្រធានរដ្ឋសភាអាមេរិកលោកស្រី Nancy Pelosi នៅថ្ងៃទី១៧ខែវិច្ឆិកា បានប្រកាសថា លោកស្រីនឹងលាលែងចេញពិតំណែងនៅដើមឆ្នាំ២០២៣។
សារព័ត៌មាន AP បានដកស្រង់សម្តីលោកស្រី Nancy Pelosi ដែលបានប្រកាសនៅកាន់សមាជិករដ្ឋសភាថា «ខ្ញុំនឹងមិនឈរឈ្មោះប្រជេងតំណែងប្រធានរដ្ឋសភាទៀតឡើយ។ ចំពោះខ្ញុំ ដល់ពេលដែលជំនាន់ថ្មីឡើងដឹកនាំ គណបក្សប្រជាធិបតេយ្យ ខ្ញុំគោរពសកម្មភាពខាងលើ យើងត្រូវតែរឹងមាំឆ្ពោះទៅកាន់អនាគត»។
សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២បានផ្សាយថា ប្រធានសភាតំណាងរាស្ត្រអាមេរិក លោកស្រី ណាន់ស៊ី ប៉េឡូស៊ី បានប្រកាសថា លោកស្រីនឹងលាលែងចេញពីតំណែងជាមេដឹកនាំសភាតំណាងរាស្ត្រនៃគណបក្សប្រជាធិតេយ្យ បន្ទាប់ពីគណបក្សសាធារណរដ្ឋត្រឡប់មកគ្រប់គ្រងសភាតំណាងរាស្រ្តឡើងវិញ ក្រោយទទួលបានសំឡេងគាំទ្រភាគច្រើន នៅក្នុងការបោះឆ្នោតពាក់កណ្ដាលអាណត្តិ។
លោកស្រី ប៉េឡូស៊ី មានអាយុ ៨២ឆ្នាំ ដែលបានក្លាយជាប្រធានសភាតំណាងរាស្ត្រអាមេរិកក្នុងនាមជាស្ត្រីដំបូងបំផុតបានកាន់តំណែងជាមេដឹកនាំសភាតំណាងរាស្ត្រ របស់គណបក្សប្រជាធិតេយ្យអស់រយៈពេលជាង២០ឆ្នាំមកហើយ។ លោកស្រីប៉េឡូស៊ី បាននិយាយថាលោកស្រីនឹងបន្តធ្វើជាសមាជិកសភាតំណាងរាស្ត្រម្នាក់ នៅក្នុងរដ្ឋកាលីហ្វ័រនីញ៉ា ប៉ុន្តែនឹងផ្ទេរតំណែងជាមេដឹកនាំទៅឱ្យអ្នកជំនាន់ក្រោយនៅក្នុងជួរគណបក្សប្រជាធិបតេយ្យ។
គណបក្សប្រជាធិបតេយ្យនឹងបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីរបស់ខ្លួនសម្រាប់សភាតំណាងរាស្ត្រ នៅដំណាច់ខែវិច្ឆិកានេះ ខណៈដែលលោក ហាគីម ចេហ្វហ្វ្រី (Hakeem Jeffries) មានអាយុ៥២ឆ្នាំនិងជាប្រធានសន្និសីទសភាតំណាងរាស្ត្រនៃប្រជាធិបតេយ្យត្រូវបានគេមើលឃើញថាជាបេក្ខជននាំមុខគេ ដែលអាចនឹងត្រូវជ្រើសតាំងឱ្យកាន់តំណែងជំនួសលោកស្រី ប៉េឡូស៊ី៕ ដោយ៖ ធីរីណា
រូបថត ៖ Vietnamnet.vn