សារព័ត៌មានរ៉យទ័របានផ្សាយថា ក្រសួងការពារជាតិជប៉ុន លោក Yasukazu Hamada បានលើកឡើងថា កាំជ្រួចមីស៊ីលកូរ៉េខាងជើងដែលទើបតែបាញ់សាកល្បងនៅថ្ងៃទី១៨ ខែវិច្ឆិកានេះ អាចហោះហើរដល់ទឹកដីអាមេរិក ។ តាមការវាយតម្លៃ មីស៊ីលរបស់កូរ៉េខាងជើងមានរយៈចម្ងាយដល់ទៅ១៥.០០០គីឡូម៉ែត្រ ។
នៅពេលនេះដែរ នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានថ្កោលទោសកូរ៉េខាងជើង ចំពោះការបាញ់សាកល្បងមីស៊ីលបាលីស្ទីកមួយគ្រាប់នៅថ្ងៃសុក្រនេះ ដែលត្រូវបានទីក្រុងតូក្យូ អះអាងថាបានធ្លាក់នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ខ្លួន។
ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងទីក្រុងបាងកក ប្រទេសថៃ នាឱកាសចូលរួមកិច្ចប្រជុំកំពូល APEC លោក គីស៊ីដា បានបញ្ជាក់ដូច្នេះថា «យើងថ្កោលទោសយ៉ាងខ្លាំងចំពោះកូរ៉េខាងជើងដែលបានធ្វើសកម្មភាពបង្កហេតុម្ដងហើយម្ដងទៀត…ហើយយើងក៏បានប្រាប់ទីក្រុងព្យុងយ៉ាងដែរថា ដាច់ខាត យើងមិនអាចលើកលែងឱ្យសកម្មភាពរបៀបនេះបាននោះទេ»។
បើតាមយោធាជប៉ុននិងកូរ៉េខាងត្បូង មីស៊ីលដែលកូរ៉េខាងជើងបានធ្វើតេស្ដនៅព្រឹកថ្ងៃសុក្រនេះ គឺជាប្រភេទមីស៊ីលបាលីស្ទីកICBM ដែលត្រូវបានបាញ់ឆ្ពោះទៅ ទិសខាងកើត ចេញពីតំបន់ស្ថិតនៅក្បែរឆ្នេរសមុទ្រភាគខាងលិចរបស់កូរ៉េខាងជើងនៅវេលាម៉ោងប្រហែល ១០៖១៤នាទីព្រឹក និងបានធ្លាក់ចូលក្នុងដែនទឹកស្ថិតនៅចម្ងាយ ប្រហែល២១០គីឡូម៉ែត្រពីកោះ អូស៊ីម៉ា (Oshima) នៃខេត្តហុកកៃដូ (Hokkaido) នៅវេលាម៉ោង១១៖២០នាទីព្រឹក (ម៉ោងក្នុងតំបន់)។ មីស៉ីលនេះបានធ្លាក់ចូលទៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខជប៉ុន ដែលលាតសន្ធឹងចម្ងាយ ៣៧០គីឡូម៉ែត្រពីឆ្នេរសមុទ្ររបស់ខ្លួន។
កូរ៉េខាងជើង កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ក៏បានបាញ់សាកល្បងមីស៊ីលបាលីស្ទីករយៈចម្ងាយខ្លីមួយគ្រាប់តែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីទីក្រុងព្យុងយ៉ាងព្រមាន ចាត់វិធានការយោធាឆ្លើយតបយ៉ាងម៉ឺងម៉ាត់ទៅសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់អាមេរិកនៅក្នុងតំបន់ ប្រសិនបើសហរដ្ឋអាមេរិកបង្កើនវត្តមានយោធា ឬសព្វាវុធនៅក្នុងប្រទេសដែលជាសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងតំបន់ តួយ៉ាងដូចជាកូរ៉េខាងត្បូង និងជប៉ុនជាដើម៕ ដោយ៖ ធីរីណា
រូបថត៖ Reuters