ថៃគឺជាប្រទេសម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ APEC នៅក្នុងឆ្នាំ២០២២ បានអំពាវនាវដល់ប្រមុខដឹកនាំ ផ្តោតសំខាន់ទៅលើបញ្ហាសេដ្ឋកិច្ច នៅលើពិភពលោក ។
សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២បានផ្សាយថា ប្រទេសថៃដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល APEC បានជំរុញដល់មេដឹកនាំទាំងអស់រួមគ្នាដោះស្រាយ «ការកើនឡើងលើភាពខ្វែងគំនិតគ្នា» ហើយផ្តោតលើការដោះស្រាយសេដ្ឋកិច្ចពិភពលោក ដែលកំពុងមានបញ្ហាដូចជាពាណិជ្ជកម្ម និងអតិផរណា។
APEC ត្រូវបានបង្កើតឡើងដើម្បីលើកកម្ពស់សមាហរណកម្មសេដ្ឋកិច្ច និងជាវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ដែលមានចំណែក៣៨% នៃចំនួនប្រជាជនលើពិភពលោក និង ៦២% នៃផលិតផលក្នុងស្រុកសរុប និង៤៨% នៃពាណិជ្ជកម្មសកល។
ប្រធានាធិបតីចិន លោក ស៉ី ជីនពីង កំពុងចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ ខណៈដែលសហរដ្ឋអាមេរិកត្រូវបានតំណាងដោយអនុប្រធានាធិបតី គឺ លោកស្រី កាម៉េឡា ហារីស (Kamala Harris)។ ប្រទេសថៃសង្ឃឹមថានឹងធ្វើឱ្យមានវឌ្ឍនភាពលើការបង្កើតតំបន់ពាណិជ្ជកម្មសេរី នៃតំបន់អាស៊ីប៉ាស៊ីហ្វិក ហៅកាត់ថា FTAAP ចំពោះមុខភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ជុំវិញសង្រ្គាមនៅអ៊ុយក្រែន និងចំណុចសំខាន់ៗផ្សេងទៀត ដូចជាតៃវ៉ាន់ និងឧបទ្វីបកូរ៉េជាដើម។
រដ្ឋមន្រ្តីការបរទេសថៃ លោក ដន ប្រាមូតវីណៃ (Don Pramudwinai) បាននិយាយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា កិច្ចប្រជុំនៃប្លុកដែលមានសមាជិកទាំង២១ប្រទេសនេះកំពុងប្រព្រឹត្តទៅក្នុងបរិបទដែលពិភពលោកកំពុងប្រឈមនឹងហានិភ័យជាច្រើន។ លោក ប្រាមូតវីណៃ បានគូសបញ្ជាក់ថា «នោះហើយជាមូលហេតុដែល APEC នៅឆ្នាំនេះត្រូវប្រឈមមុខចំពោះបញ្ហាទាំងអស់ ហើយផ្តល់ក្តីសង្ឃឹមដល់ពិភពលោកទាំងមូល»។
សន្តិសុខត្រូវបានរឹតបន្តឹងនៅឯកិច្ចប្រជុំកំពូល APEC ក្នុងទីក្រុងបាងកក នៃប្រទេសថៃ ខណៈដែលក្រុមបាតុករប្រឆាំងរដ្ឋាភិបាលប្រហែល ១០០នាក់ បានប្រមូលផ្តុំគ្នា ហើយគ្រោងនឹងដង្ហែក្បួននៅឯកន្លែងប្រជុំ៕ ដោយ៖ ធីរីណា
រូបថត ៖ Reuters