ភ្នំពេញ ៖ ចាប់ពីថ្ងៃស្អែកសម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមជំនួបការងារ និងអញ្ជើញជាអធិបតី ក្នុងកម្មវិធីផ្សេងៗឡើងវិញហើយ ខណៈតាមតារាងកម្មវិធីការងារដែលបានបង្ហាញ នៅថ្ងៃអាទិត្យ ទី២០ ខែវិច្ឆិកា សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទទួលជួបពិភាក្សាការងារ ក៏ដូចជាសម្តែងការគួរសមជាមួយលោក វឿង ឌីញហ្វេ ប្រធានរដ្ឋសភាវៀតណាម និងលោក Wei Fenghe រដ្ឋមន្ត្រីការពារជាតិចិន។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងមានចាប់ផ្តើមជំនួបការងារ និងអញ្ជើញជាអធិបតីក្នុងកម្មវិធីផ្សេងៗឡើងវិញហើយ ចាប់ពីថ្ងៃអាទិត្យ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ស្អែកនេះ។ សម្តេចតេជោ ហ៊ុនសែន ដើម្បីប្រជាពលរដ្ឋ និងប្រទេសជាតិ លោកហត់នឿយបំផុត ប៉ុន្តែ ការហត់នឿយនេះ លោកបានរែកពន់យូរឆ្នាំហើយ ទើបកម្ពុជាមាន សន្តិភាព មានការអភិវឌ្ឍន៍ មានឈ្មោះល្បីល្បាញលើសកលលោក។
សូមបញ្ជាក់ថា, នៅថ្ងៃបន្តបន្ទាប់ទៀតសម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីក្នុងកម្មវិធីមួយចំនួនទៀត រួមមាន៖ ថ្លែងសុន្ទរកថាគន្លឹះបើកមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣, ពិធីបើកព្រឹត្តិការណ៍កីឡាជាតិលើកទី៣, បិទសន្និបាតខួប៣០ឆ្នាំ វិស័យសកម្មភាពមីនមនុស្សធម៌, បើកកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន។
សម្តេចតេជោ ហ៊ុន សែន បានផ្អាកជំនួបការងារ និងអញ្ជើញជាអធិបតីក្នុងកម្មវិធីផ្សេងៗអស់រយៈពេលប្រមាណ៥ថ្ងៃហើយ បន្ទាប់ពីរកឃើញវិជ្ជមានជំងឺកូវីដ១៩ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ពេលអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលG20 នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី។
ការរកឃើញវិជ្ជមានជំងឺកូវីដ១៩ ពីសំណាកមន្ត្រីសុខាភិបាលឥណ្ឌូនេស៊ី បានធ្វើឱ្យសម្តេចតេជោ ហ៊ុន សែន ខកខានការអញ្ជើញចូលរួមកិច្ចប្រជុំកំពូល G20 និងកិច្ចសន្ទនាក្រៅផ្លូវការ APEC នៅក្រុងបាងកក ប្រទេសថៃ ដែលជាកិច្ចប្រជុំដ៏មានសារៈសំខាន់។ ជាពិសេសបានធ្វើឱ្យសម្តេចតេជោ ខកខានជំនួបពិភាក្សាការងារជាមួយប្រធានាធិបតីចិន និងប្រធានាធិបតីបារាំងផងដែរ។
ចាប់តាំងពីពេលរកឃើញវិជ្ជមានកូវិដ១៩នោះមក សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សុខភាពរបស់សម្តេចគឺល្អជាធម្មតាមិនមានបញ្ហាអ្វី ដែលជាសញ្ញាបង្កឡើងដោយមេរោគនោះឡើយ។
លោក ដួង តារា រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់ សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រី នៃកម្ពុជា ធ្លាប់ថ្លែងពីប្រទេសឥណ្ឌូណេស៊ី ផងដែរថា, សុខភាពសម្តេចតេជោគឺរឹងមាំធម្មតាទោះបីមានលទ្ធផលកូវីដ ១៩-វិជ្ជមាន
លោកបន្តថា, រសៀលថ្ងៃទី ១៥ វិច្ឆិកានេះខ្ញុំនឹងវិលត្រឡប់ទៅកម្ពុជាវិញជាមួយគណៈប្រតិភូកម្ពុជា ដោយសារមូលហេតុសម្តេចតេជោប្រមុខដឹកនាំមានលទ្ធផលកូវីដ-១៩វិជ្ជមាន (ដូចសម្តេចលោកបានជម្រាបជូនក្នុងផេកផ្លូវការព្រឹកមិញ) បន្ទាប់ពីបានធ្វើតេស្តនៅឥណ្ឌូនេស៊ីកាលពីល្ងាចមិញ។
ពិតណាស់បញ្ហាកូវីដគឺយើងមើលមិនឃើញទេ ហើយពិភពលោកក៏កំពុងយកចិត្តទុកដាក់រាល់ថ្ងៃ។ ប៉ុន្តែកម្ពុជាយើងទទួលបានការមើលថែពីប្រមុខដឹកនាំយ៉ាងយកចិត្តទុកដាក់បំផុតដែលធ្វើអោយអត្រាឆ្លងនៅទាបបំផុត ហើយជំងឺនេះក៏មិនរាតត្បាតកាចសាហាវខ្លាំងដូចពីមុនដែរ។
ប៉ុន្តែការឆ្លងទោះបីតិចឬច្រើនស្លូតឬកាចគឺត្រូវតែមើលថែព្យាបាលអោយបានល្អបំផុត។ ហេតុដូច្នេះហើយបានជាសម្តេចលោកសម្រេចចិត្តវិលទៅកម្ពុជាវិញដើម្បីសុវត្ថិភាពគណៈប្រតិភូប្រទេសនានាដែលត្រូវចូលរួមប្រជុំនៅទីនេះ។
កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០&៤១ នៅកម្ពុជាកន្លងទៅគឺ មានអ្នកចូលរួមច្រើនមកពីបណ្តាប្រទេសនានា ដែលប្រទេសខ្លះនៅមានអត្រាឆ្លងកូវីដ-១៩ច្រើននៅឡើយ ដែលអាចជាប្រភពចម្លងមកប្រមុខដឹកនាំយើងដែរ។ ពេលមកដល់ប្រទេសឥណ្ឌូនេស៊ីកាលពីល្ងាចមិញ គណៈប្រតិភូត្រូវយកសំណាកធ្វើតេស្តកូវីដ-១៩ទាំងអស់គ្នា។
ទោះបីលទ្ធផលសម្តេចវិជ្ជមាន តែសុខភាពកាយសម្បទារបស់លោកនៅរឹងមាំធម្មតា ហើយបើទោះបីអញ្ជើញធ្វើដំណើរមកក្រៅប្រទេសច្រើនម៉ោងយ៉ាងណាក្តីក៏សម្តេចលោកនៅបន្តធ្វើកិច្ចការបានជាធម្មតា ។
យើងខ្ញុំជាកូនចៅ សូមគោរពជូនពរសម្តេចតេជោមានសុខភាពល្អរឹងមាំជានិច្ច និងឆាប់ជាសះស្បើយដើម្បីជាម្លប់ដឹកនាំកម្ពុជាទទួលបានតែសុខសន្តិភាពនិងរីកចម្រើនរុងរឿង៕
ដោយ ៖ សិលា