ព័ត៌មានទាន់ហេតុការណ៍៖

ឯកអគ្គរដ្ឋទូតចិនអញ្ជើញចូលរួមពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការបច្ចេកទេសក្នុងវិស័យថាមពលព្រះអាទិត្យនិងបច្ចេកវិទ្យាICTរវាងក្រសួងរ៉ែនិងថាមពលកម្ពុជា និង ក្រុមហ៊ុន Huawei

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថានឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានបញ្ជាក់អោយដឹងថា, កាលពីថ្ងៃទី១៧ខែវិច្ឆិកា លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការបច្ចេកទេសក្នុងវិស័យថាមពលព្រះអាទិត្យនិងបច្ចេកវិទ្យាICTរវាងក្រសួងរ៉ែនិងថាមពលកម្ពុជា និង ក្រុមហ៊ុន Huawei។

លោកឯកអគ្គរដ្ឋទូតចិនមានប្រសាសន៍ថា ស្ថានភាពបច្ចុប្បន្នកំពុងប្រែប្រួលឥតឈប់ឈរនិងជំងឺកូវីដកំពុងតែយាយី ទីផ្សារថាមពលអន្តរជាតិនៅតែបន្តការប្រែប្រួល ហើយប្រព័ន្ធអភិបាលកិច្ចថាមពលសកលត្រូវបានកែសម្រួលយ៉ាងខ្លាំង។ សំទុះលឿននៃការអភិវឌ្ឍន៍បច្ចេកវិទ្យាថាមពលដែលយកស្អាត ប្រសិទ្ធភាពខ្ពស់ និងនិរន្តរភាពជាគោលដៅ ហើយកាបូនទាប អគ្គិសនី និងភាពឆ្លាតវៃបានក្លាយជានិន្នាការនៃការអភិវឌ្ឍន៍។ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ប្រទេសចិនបានពន្លឿនដំណើរការកាបូនទាប ហើយវារីអគ្គិសនី វាយោអគ្គិសនី ថាមពលព្រះអាទិត្យ និងអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរដែលកំពុងដំឡើងមានចំណាត់ថ្នាក់លេខមួយលើពិភពលោក ហើយបានក្លាយជាកម្លាំងដ៏សំខាន់ក្នុងការជំរុញអភិវឌ្ឍថាមពលស្អាតជាសកល។

លោកឯកអគ្គរដ្ឋទូតចិនបានសង្កត់ធ្ងន់ថា ឯកឧត្តមនាយករដ្ឋមន្ត្រីចិន Li Keqiang បានមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជាកាលពីសប្តាហ៍មុន និងបានចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំពាក់ព័ន្ធស្តីកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ា ហើយបានឈានដល់ការកំណត់កុងសុងស៊ីសសំខាន់ៗជាមួយកម្ពុជានិងអាស៊ានក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍បៃតងកាបូនទាប។ ក្នុងនាមជាមិត្តដែកថែប ភាគីចិននឹងផ្តល់អាទិភាពក្នុងការចែករំលែកបទពិសោធន៍និងបច្ចេកវិទ្យាជាមួយកម្ពុជា ជួយកម្ពុជាពន្លឿនសម្រេចបាននូវការអភិវឌ្ឍន៍បៃតងប្រកបដោយនិរន្តរភាព។ សង្ឃឹមថាក្រុមហ៊ុន Huawei នឹងផ្តល់ការគាំទ្រជំនាញដល់រដ្ឋាភិបាលកម្ពុជាលើផ្នែកផែនការ បច្ចេកវិទ្យា និងស្តង់ដារ ព្រមទាំងរួមចំណែកដល់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍បៃតងកាបូនទាបរវាងចិននិងកម្ពុជា។

 លោក ស៊ុយ សែម បានបង្ហាញពីការងារនិងសមិទ្ធផលរបស់កម្ពុជាក្នុងវិស័យថាមពលក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានថ្លែងអំណរគុណដល់ភាគីចិនដែលបានផ្តល់ការគាំទ្រសន្តិសុខនិងការអភិវឌ្ឍន៍ថាមពលក្នុងប្រទេសកម្ពុជា ហើយបានចង្អុលបង្ហាញថា កម្ពុជាបានចេញនូវផែនការអភិវឌ្ឍន៍ថាមពលថ្មីនាពេលថ្មីៗនេះ ហើយបានខិតខំបង្កើនសមាមាត្រនៃការប្រើប្រាស់ថាមពលស្អាត សង្ឃឹមថាសហការជាមួយភាគីចិនក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍបៃតងកាបូនទាប កម្ពុជារីករាយសហការជាមួយក្រុមហ៊ុន Huawei ដើម្បីអនុវត្តអនុស្សរណៈដែលបានចុះហត្ថលេខានៅថ្ងៃនេះ បន្តពង្រីកអត្ថន័យភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងកម្ពុជា។

 លោក Yao Yuya បាននិយាយថា សមត្ថភាពនៃស្ថានីយ៍ថាមពលអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យនៅកម្ពុជាបច្ចុប្បន្នគឺមានចំនួន១៥%នៃចំនួនថាមពលផលិតសរុបក្នុងប្រទេស ហើយសមាមាត្រនេះរក្សាបាននូវសំទុះកើនឡើង កម្ពុជាមានសក្តានុពលដ៏ធំមួយក្នុងការអភិវឌ្ឍន៍និងប្រើប្រាស់ថាមពលស្អាត។ ក្រុមហ៊ុន Huawei រីករាយផ្តល់ជូនកម្ពុជាមានដូចជាផលិតផលបច្ចេកទេសទំនើបបំផុត ប្រឹក្សាជំនាញជាន់ខ្ពស់បំផុត និងបទពិសោធន៍ជាសកលដ៏សម្បូរបែបបំផុត ដើម្បីជួយកម្ពុជាអភិវឌ្ឍថាមពលស្អាត និងរួមចំណែកដល់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍បៃតងកាបូនទាបរវាងចិននិងកម្ពុជា៕

ដោយ : សិលា


ចែករំលែក៖