ខេត្តព្រះសីហនុ៖ ដោយមានការចង្អុលបង្ហាញពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងអន្តរាគមន៍ពិសេស នៅរសៀលថ្ងៃសៅរ៍ ១១រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ ចេញល្បាតចល័ត ក្នុងភូមិសាស្រ្តស្មុកស្មាញ និងតាមឆ្នេរ ក្នុងខេត្តព្រះសីហនុ ដើម្បីការពារ ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលមកលេងកំសាន្តនៅក្រុងព្រះសីហនុ។
ចំណែកនាពេលរាត្រី កម្លាំងអន្តរាគមន៍ពិសេស សហការជាមួយកម្លាំងនាយកដ្ឋានការពារព្រំដែនទឹក ល្បាតពេលយប់ ក្នុងភូមិសាស្រ្តស្មុកស្មាញ តាមឆ្នេរសមុទ្រ ដើម្បីការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ ក្នុងការទប់ស្កាត់បទល្មើសតាមផ្លូវទឹកណាមួយដែលអាចកើតឡើងជាយថាហេតុ។
ជាមួយគ្នានេះ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកានេះដែរ កម្លាំងសមត្ថកិច្ចចម្រុះអធិការស្រុក និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល របស់ស្នងការនគរបាលខេត្តព្រះសីហនុ បានចុះសម្រួលចរាចរណ៍ជូនសិស្សានុសិស្ស នៅតាមសាលារៀននានាផងដែរ។
សូមជម្រាបថា លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី១៨ វិច្ឆិកាម្សិលមិញ បានអញ្ជើញចូលរួមកិច្ចប្រជុំ ត្រួតពិនិត្យវឌ្ឍនភាព នៃការរៀបចំបុណ្យសមុទ្រលើកទី៩ ជុំទី៣ និងមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោកឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ៕
ដោយ៖សហការី