ព័ត៌មានទាន់ហេតុការណ៍៖

ពិធីចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម នៃប្រធានសភាកម្ពុជា, ឡាវ, វៀតណាម, ពីកិច្ចប្រជុំកំពូលសភា កម្ពុជា ឡាវ វៀតណាម នៅរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី ២០ ខែវិច្ឆិកា

ចែករំលែក៖

ភ្នំពេញ ៖ សេចក្តីប្រកាសព័ត៌មាន ស្តីពីពិធីចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម នៃប្រធានសភា នៃព្រះរាជាណាចក្រកម្ពុជា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងសាធារណរដ្ឋសង្គមនិយមវៀតណាម(CLV) ស្តីពីកិច្ចប្រជុំកំពូលសភា កម្ពុជា ឡាវ វៀតណាម នៅរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២២។

ក្នុងឱកាសនៃមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងសាធារណរដ្ឋសង្គមនិយមវៀតណាម បានពិភាក្សាអំពី កិច្ចសហប្រតិបត្តិការរវាងសភាកម្ពុជា-ឡាវ-វៀតណាម (CLV) ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាព ជាប្រពៃណី អ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងយូរអង្វែងនៃប្រទេសទាំងបី។

ប្រធានរដ្ឋសភា នៃប្រទេស CLV បានចេញសេចក្ដីថ្លែងការណ៍រួម ស្តីពីការបង្កើតកិច្ចប្រជុំកំពូលសភា CLV និងកំណត់ការអនុម័តជាផ្លូវការនូវនីតិវិធីនៃកិច្ចប្រជុំ។ នៅក្នុងសេចក្តីថ្លែងការណ៍នោះ ប្រធានរដ្ឋសភា ទាំងបី បានសម្តែងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រីក និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវកិច្ច សហប្រតិបត្តិការ និងភាពជាដៃគូរបស់សភា ដើម្បីថែរក្សា និងការពារកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងផ្តល់ ផលប្រយោជន៍ទៅវិញទៅមករវាង រដ្ឋសភា នៃប្រទេសទាំងបី ដោយជំរុញកិច្ចសហប្រតិបត្តិការនយោបាយ វប្បធម៌ សេដ្ឋកិច្ច និងសន្តិសុខ សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម នៃប្រទេសទាំងបី។

ប្រធានរដ្ឋសភា នៃប្រទេសទាំងបី បានយល់ព្រមលើកយន្តការដែលមានស្រាប់ នៃកិច្ចប្រជុំគណៈកម្មាធិការ/ គណៈកម្មការកិច្ចការបរទេស CLV ទៅជា “កិច្ចប្រជុំកំពូលសភា CLV ។ កិច្ចប្រជុំកំពូលនេះមានគោលបំណង (១) ធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់ វិស័យក្នុងចំណោមប្រទេស CLV។ (២) ជំរុញការផ្លាស់ប្ដូរ និងការផ្សព្វផ្សាយ ព័ត៌មាន បទពិសោធន៍ និង ការអនុវត្តឱ្យបានល្អលើមុខងារ និងភារកិច្ចរបស់សភាជាតិ CLV។ និង (៣) កៀរគរធនធានហិរញ្ញវត្ថុ ដើម្បី អនុវត្តកម្មវិធី និងគម្រោងក្រោមក្របខណ្ឌ នៃតំបន់ត្រីកោណអភិវឌ្ឍន៍ CLV (CLV-DTA)។ កិច្ចប្រជុំកំពូល លើកទីមួយ នឹងធ្វើជាម្ចាស់ផ្ទះដោយរដ្ឋសភា នៃប្រទេសឡាវ នៅឆ្នាំ២០២៣។

ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការសភានេះ នឹងបង្កើតផលប្រយោជន៍ជាក់ស្ដែងបន្ថែមទៀត ដោយផ្អែក លើការគោរពគ្នាទៅវិញទៅមក ការយោគយល់គ្នា ការជឿទុកចិត្តគ្នា និងផលប្រយោជន៍ទៅវិញទៅមក សម្រាប់សន្តិភាព និងវិបុលភាព (MAP2) សម្រាប់ប្រជាជន នៃប្រទេសទាំងបី និងលើសពីនេះទៀត។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន ៕

ដោយ : សិលា


ចែករំលែក៖