ព័ត៌មានទាន់ហេតុការណ៍៖

សុន្ទរថាស្វាគមន៍របស់ប្រធានព្រឹទ្ធសភា ក្នុងពិធីបើកមហាសន្និបាត អាយប៉ា(AIPA) លើកទី៤៣ ក្រោមមូលបទ ” បោះជំហានជាមួយគ្នា ដើម្បីចីរភាព បរិយាបន្ន និងភាពធន់របស់អាស៊ាន ”

ចែករំលែក៖

ភ្នំពេញ ៖ សុន្ទរថាស្វាគមន៍របស់ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបើកមហាសន្និបាត អាយប៉ា(AIPA) លើកទី៤៣ ក្រោមមូលបទ ” បោះជំហានជាមួយគ្នា ដើម្បីចីរភាព បរិយាបន្ន និងភាពធន់របស់អាស៊ាន ”  ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២។ 

1. ជាបឋម ក្នុងនាមសភាកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះ គណៈប្រតិភូទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងពិធីបើកមហាសន្និបាតអាយប៉ាលើកទី៤៣ ដោយ សារតែស្ថានភាពនៃការរីករាលជំងឺកូវីដ-១៩នាពេលបច្ចុប្បន្ន បានធូរស្បើយនិងស្ថិតនៅក្រោមស្ថានភាពអាច គ្រប់គ្រងបាន ទើបអនុគ្រោះឲ្យសភាកម្ពុជា អាចធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតអោយប៉ាដោយផ្ទាល់ យ៉ាងអធិកអធម និងមានសុវត្ថិភាពក្នុងឆ្នាំនេះ បន្ទាប់ពីត្រូវបានរៀបចំតាមប្រព័ន្ធនិម្មិត២ដងរួចមកហើយ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមសម្តែងការអបអរសាទរចំពោះសភានៃប្រទេសប៊្រុយណេដារូសាឡឹម ដែល បានធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតអោយប៉ាលើកទី៤២ ប្រកបដោយជោគជ័យ។

2. មហាសន្និបាតអាយប៉ាលើកទី៤៣ក្នុងឆ្នាំនេះ ពិតជាមានលក្ខណៈពិសេស ដោយហេតុថាឆ្នាំនេះគឺ ជាខួបអនុស្សាវរីយ៍លើកទី៤៥នៃការបង្កើតមហាសន្និបាតអាយប៉ាផង និងជាខួបលើកទី៥៥នៃការបង្កើត អាស៊ានផង។ ព្រឹត្តិការណ៍ទាំងបីនេះ គឺពិតជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងប្រវត្តិសាស្ត្រ នៃដំណើរដ៏វែងឆ្ងាយ របស់អាស៊ានក្នុងការកសាងសហគមន៍អាស៊ាន ដែលកន្លងមកបានយកឈ្នះរាល់បញ្ហាប្រឈមនិងវិបត្តិ។ តាមរយៈស្មារតីសាមគ្គីភាពនិងឯកភាពដ៏អាស្ចារ្យ អាស៊ានបានកសាងខ្លួនរឹងមាំជាងពេលណាៗទាំង អស់។

3. ក្នុងរយៈពេល៤៥ឆ្នាំ ចាប់តាំងពីអាយប៉ាត្រូវបានបង្កើត អោយប៉ាបានវិវត្តខ្លួនទៅជាអង្គការអន្តរ សភាតំបន់ដ៏រឹងមាំ ដោយបានខិតខំព្យាយាមយ៉ាងសកម្មនិងប្រកបដោយប្រសិទ្ធភាពរហូតនូវគោលដៅដ៏ថ្លៃ ថ្លា ក្នុងការលើកកម្ពស់សាមគ្គីភាព ការយោគយល់គ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការ មិនត្រឹមតែ ក្នុងចំណោមសភាជាសមាជិកអាយប៉ាប៉ុណ្ណោះទេ ប៉ុន្តែជាមួយសភាសង្កេតការណ៍ និងដៃគូស្ថាប័នផ្សេងទៀតផងដែរ។ អាយប៉ា បានបង្ហាញឱ្យឃើញនូវតួនាទីស្នូលរបស់ខ្លួនក្នុងនាមជាស្ថាប័ននីតិប្បញ្ញត្តិ ដែល ជាផ្នែកសំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាច្រើនទិដ្ឋភាព និងជាចំណែកចូលរួមដែលមិនអាច ខ្វះបានក្នុងការកសាងសហគមន៍អាស៊ាន។ បន្ថែមពីលើនេះ អាយប៉ា បានដើរតួនាទីជាវេទិកាអន្តរសភាដ៏ សំខាន់ក្នុងការលើកកម្ពស់តួនាទីរបស់សមាជិកសភា ដើម្បីតំណាងឱ្យសំឡេងរួមរបស់ប្រជាជនអាស៊ាន។

4. ចាប់តាំងពីចូលជាសមាជិកអាយប៉ាក្នុងឆ្នាំ១៩៩៩មក សភាកម្ពុជាពិតជាមានមោទនភាព ដែល បានចូលរួមចំណែកជាផ្នែកមួយនៃអាយប៉ា បានធ្វើដំណើរជាមួយអាយប៉ាលើផ្លូវដ៏ឆ្ងាយកន្លងមក ព្រម ទាំងបានប្តេជ្ញាចិត្តនឹងបន្តដំណើរជាមួយអាយប៉ា ដើម្បីកសាងសន្តិភាព និងវិបុលភាពដល់សហគមន៍ អាស៊ានទាំងមូល។

សម្ដេច ឯកឧត្តម លោកជំទាវ លោក លោកស្រី!

5. នៅពេលដែលយើងសម្លឹងឆ្ពោះទៅអនាគតរួមគ្នា គឺច្បាស់ណាស់ថា វៀរលែងតែយើងមាន ឆន្ទៈរួមគ្នា ដែលរឹងមាំជាងមុន និងសកម្មភាពដ៏ស្អិតរមួតរបស់យើងនោះទេ ទើបអាចឱ្យយើងតម្រែតម្រង់តំបន់របស់ យើង ដោះស្រាយរាល់បញ្ហាប្រឈមជាច្រើន ដែលតំបន់អាស៊ានយើងកំពុងជួបប្រទះបាន។ នៅពេលដែល យើង កំពុងងើបឡើងវិញពីជំងឺរាតត្បាតកូវីដ-១៩ និងផលប៉ះពាល់ដែលកើតចេញពីវិបត្តិកូវីដ-១៩ បញ្ហា ប្រឈមជាអាទិភាពជាច្រើនកំពុងទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ពីយើងទាំងអស់គ្នា ដែលរួមមាន ភាពអាសន្ននៃការប្រែប្រួលអាកាសធាតុ ការកើនឡើងនៃភាពតានតឹងភូមិសាស្ត្រនយោបាយ ជម្លោះប្រដាប់ អាវុធ អតិផរណាខ្ពស់នាំឲ្យតម្លៃនៃការរស់នៅកើនឡើងខ្ពស់ កង្វះខាតថាមពល ដែលនាំឲ្យកំណើនវិសម ភាពក្នុងសង្គម និងអត្រាភាពក្រីក្រកាន់តែអាក្រក់ ។ បញ្ហាទាំងអស់នេះ ប្រសិនបើមិនត្រូវបានដោះស្រាយ ទាន់ពេលវេលានោះទេ ប្រាកដជានឹងបន្ទុចបង្អាក់យ៉ាងធ្ងន់ធ្ងរដល់កិច្ចខិតខំប្រឹងប្រែងស្ដារឡើងវិញរបស់ យើង ព្រមទាំងបង្កការគំរាមកំហែង យ៉ាងធ្ងន់ធ្ងរដល់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់។

6. ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ យើងត្រូវធានាថា សហគមន៍អាស៊ានរបស់យើងមានចីរភាព បរិយាប័ន្ន និងភាពធន់។ អាស្រ័យហេតុដូចនេះហើយ មូលបទនៃមហាសន្និបាតអាយប៉ាលើកទី៤៣ នេះ គឺ “បោះជំហានជាមួយគ្នាដើម្បីចរីភាព បរិយាប័ន្ន និងភាពធន់របស់អាស៊ាន”។ មូលបទនេះគូសបញ្ជាក់ អំពីភាពចាំបាច់របស់យើងទាំងអស់គ្នាក្នុងការធ្វើសកម្មភាពរួមគ្នា ក្នុងស្មារតីឯកភាពអាស៊ាន ដើម្បីដោះ ស្រាយរាល់បញ្ហាប្រឈមរួមរបស់យើង។ ភាពជាដៃគូសភារបស់យើងត្រូវតែពង្រឹងពង្រីកបន្ថែមទៀត ដើម្បី ឲ្យយើងសម្រេចបាននូវសហគមន៍អាស៊ាន ដែលអាចផ្ដល់អត្ថប្រយោជន៍ដល់ប្រជាជនរបស់យើងទាំង អស់គ្នាក្នុងជំនាន់នេះ និងជំនាន់ក្រោយៗទៀត។

7. ក្នុងន័យនេះ យើងទាំងអស់គ្នា ជាសមាជិកសភាអាយប៉ា ត្រូវចាប់យកឱកាសនេះ ដើម្បីធ្វើ សកម្មភាព តាមរយៈភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការសភារបស់យើង ជាកម្លាំងរួម ដើម្បីសម្រេចបាន ផលប្រយោជន៍រួម។ តាមរយៈអាយប៉ា យើងត្រូវជំរុញសហថាមពលកាន់តែខ្លាំងក្លាជាមួយរដ្ឋាភិបាល ដើម្បីជំរុញការស្ដារឡើងវិញប្រកបដោយចីរភាព គាំទ្រដល់ការអភិវឌ្ឍន៍ដើម្បីប្រជាជន និងផ្តោតលើប្រជាជន ដោយមិនទុកនរណាម្នាក់ចោល និងកសាងសង្គមប្រកបដោយភាពធន់ដែលអាចត្រៀមខ្លួនទប់ទល់ នឹងវិបត្តិនាពេលអនាគត។

8. ជាទីបញ្ចប់ ក្នុងនាមសភាកម្ពុជា និងខ្លួនខ្ញុំ ខ្ញុំសូមប្រសិទ្ធពរឱ្យមហាសន្និបាតអោយប៉ាលើកទី៤៣ ប្រព្រឹត្តទៅ ដោយទទួលបានលទ្ធផលប្រកបដោយផ្លែផ្កា និងជោគជ័យដ៏ធំធេង និងសូមប្រសិទ្ធពរជ័យជូន សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំងអស់មានសុខភាពល្អ និងស្នាក់ក្នុងព្រះរាជាណាចក្រ កម្ពុជានៅប្រកបដោយផាសុខភាព ៕ 

ដោយ : សុខ ខេមរា


ចែករំលែក៖