ព័ត៌មានទាន់ហេតុការណ៍៖

កាប់ដើមត្នោតដួលរលំទៅលើដើមដូងសង្កត់ស្ត្រីម្នាក់ស្លាប់ភ្លាមៗ

ចែករំលែក៖

ខេត្តតាកែវ ៖ សង្ខារពិតជាមិនទៀងមែនដោយស្ត្រីម្នាក់ត្រូវដើមដូងបាក់សង្កត់ស្លាប់ភ្លាមៗមួយរំពេចគួរឲ្យសង្វេគដោយសារតែមានអ្នកជិតខាងកាប់ដើមត្នោតដើម្បីរំលំប៉ុន្តែគឺអកុសលពេលដើមត្នោតដួលរលំបាក់ទៅលើដើមដូង ក៏ដួលសង្កត់ទៅលើស្ត្រីដែលកំពុងឈរក្បែរនោះបណ្ដាលឲ្យស្លាប់បន្សល់ទុកកូនប្រុសស្រី៦ នាក់រស់នៅកំព្រា។

ហេតុការណ៍គួរឱ្យភ្ញាក់ផ្អើលនេះកើតឡើងនៅព្រឹកថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតនៅចំណុចភូមិត្រពាំងអង្គ ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវដែលស្ត្រីរងគ្រោះមាន ឈ្មោះ ច័ន្ទ ឃឿន អាយុ៥៥ឆ្នាំ មានទីលំនៅភូមិ ឃុំកើត ហេតុខាងលើ។ ស្ត្រីរងគ្រោះបានស្លាប់ភ្លាមៗដោយមិនអាចជួយសង្គ្រោះបានឡើយ។

តាមការឲ្យដឹងពីលោក សែម សាត ត្រូវជាប្តីបានបញ្ជាក់ថា មុនកើតហេតុ គឺគាត់ឲ្យអ្នកជិតខាងកាត់ដើមត្នោតនៅក្នុងភូមិមួយដើម។ប៉ុន្តែនៅពេលដើមត្នោតរលំក៏ទៅដួលត្រូវដើមដូងមួយដើមទៀតហើយបាក់សង្កត់ប្រពន្ធគាត់ដែលឈរមើលក្បែរស្លាប់តែម្តងទៅ។

សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រៃស្លឹកបញ្ជាក់ថា ស្ត្រីខាងលើពិតជាត្រូវដើមដូងបាក់សង្កត់លើបណ្តាលឲ្យស្លាប់ប្រាកដមែន។ បច្ចុប្បន្នក្រោយពិនិត្យរួច សពត្រូវបានសមត្ថកិច្ចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ដោយ៖ សូរិយា


ចែករំលែក៖