ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចយកម៉ូតូ០១គ្រឿងបានសម្រេច

ចែករំលែក៖

ខេត្តបាត់ដំបង៖ យោងតាមរបាយការណ៍របស់សមត្ថកិច្ចខេត្តបាត់ដំបងបានឱ្យដឹងនៅព្រឹកថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០២២នេះថា, កម្លាំងជំនាញផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុករតនៈមណ្ឌល​ និងកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ បានសហការជាមួយកម្លាំងនគរបាលខណ្ឌទួលគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វេីការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់​ករណីលួចម៉ូតូ០១គ្រឿងបានសម្រេចហើយរត់គេចខ្លួន។

លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានឱ្យដឹងថា កិច្ចប្រតិបត្តិការឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង ១១និង១០នាទី ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ តាមបទបញ្ជារបស់លោក កែវ​ សុជាតិ​ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង ក្រោយទទួលបានបណ្តឹងរបស់ឈ្មោះ ភន​ រស់ ភេទប្រុស អាយុ២៥ឆ្នាំ​ រស់នៅភូមិជាមន្រ្តី ឃុំត្រែង ស្រុករតនៈមណ្ឌល​ ខេត្តបាត់ដំបង។ 

សមត្ថកិច្ចបានឱ្យដឹងថាជនសង្ស័យត្រូវបានឃាត់ខ្លួនឈ្មោះ ឈុំ​ សីហា  ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិស្វាយ ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលជនសង្ស័យខាងលើកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោងប្រហែល១៦និង៥០នាទី រូបគេបានធ្វើសកម្មភាពលួចម៉ូតូ០១គ្រឿងរបស់ជនរងគ្រោះនៅចំណុចទំនប់ស៊ីម៉ងត៍ ស្ថិតក្នុងភូមិជាមន្រ្តី ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង​ ។

ក្រោយពីឃាត់ខ្លួនសាកសួរជនសង្ស័យបានសារភាពថារូបគេពិតជាបានធ្វេីសកម្មភាពលួចយកម៉ូតូម៉ាកហុងដាឌ្រីម​ ពណ៌ខ្មៅ​ ស៊េរីឆ្នាំ២០២២​ ពាក់ស្លាកលេខបាត់ដំបង1AQ-7235 លេខតួND125M-6238119 លេខម៉ាស៊ីនND125ME-6238 របស់ជនរងគ្រោះខាងលើពិតប្រាកដមែន បន្ទាប់មកផ្នែកជំនាញកំពុងរៀបចំសំណុំរឿងបញ្ជូនជនសង្ស័យទៅតាមនីតិវិធីច្បាប់ ។ចំណែកវត្ថុតាងម៉ូតូដែលដកហូតត្រូវបានប្រគល់ជូនដល់ម្ចាស់វិញផងដែរ៕

ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖