ព័ត៌មានទាន់ហេតុការណ៍៖

អារ៉ាប៊ីសាអ៊ូឌីត ប្រហារជីវិតមនុស្ស ១២ នាក់ដោយដាវ

ចែករំលែក៖

តាមរបាយការណ៍របស់អង្គការសិទ្ធិមនុស្សកាលពីថ្ងៃទី២០ ខែវិច្ឆិកា បានផ្សាយថា អារ៉ាប៊ីសាអ៊ូឌីត បានកាត់ទោសប្រហារជីវិតមនុស្ស ១២ នាក់ក្នុងរយៈពេល ១០ ថ្ងៃ ។
ការប្រហារជីវិត ដែលភាគច្រើនត្រូវបានកាត់ក្បាលដោយដាវ បង្ហាញថា អារ៉ាប៊ីសាអ៊ូឌីត កំពុងស្ថិតនៅលើផ្លូវបំបែកកំណត់ត្រាប្រចាំឆ្នាំនៃការប្រហារជីវិត បើទោះបីជាព្រះអង្គម្ចាស់ Mohammed bin Salman ធ្លាប់បានសន្យាថានឹងកាត់បន្ថយការប្រើប្រាស់អាវុធដ៏សាហាវនេះក៏ដោយ។
ជនជាប់ចោទរួមមាន ប៉ាគីស្ថាន ៣នាក់ ស៊ីរី ៤នាក់ ហ្សកដានី ២នាក់ និងអារ៉ាប៊ីសាអ៊ូឌីត ៣នាក់។ បុរសទាំងអស់ត្រូវបានកាត់ទោសប្រហារជីវិតបន្ទាប់ពីឃុំខ្លួនដោយចោទប្រកាន់ពីបទគ្រឿងញៀនដោយអហិង្សា។
ការប្រហារជីវិតខាងលើ ធ្វើឲ្យចំនួនអ្នកទោសត្រូវប្រហារជីវិត កើនឡើងដល់ទៅ១៣២ នាក់ ដែលលើសពីឆ្នាំ ២០២០ និង២០២១ រួមបញ្ចូលគ្នា។ តាមទិន្នន័យស្តីពីការប្រហារជីវិតនៅសប្តាហ៍នេះ បាននិយាយថា ករណីទាំងនេះចង្អុលទៅនិន្នាការគួរឱ្យព្រួយបារម្ភ បន្ទាប់ពីអ្នកគ្រប់គ្រងរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីតបានសន្យាថានឹងធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌។
នៅឆ្នាំ ២០១៨ ព្រះអង្គម្ចាស់ Mohammed bin Salman បាននិយាយថា រដ្ឋាភិបាលរបស់ទ្រង់កំពុងព្យាយាម “កាត់បន្ថយ” ទោសប្រហារជីវិត ដោយមានតែអ្នកទោសដែលត្រូវបានកាត់ទោសពីបទឃាតកម្ម ដែលត្រូវប្រឈមមុខនឹងទោសប្រហារជីវិត។
នៅឆ្នាំ ២០២០អារ៉ាប៊ីសាអ៊ូឌីតបានស្នើផ្លាស់ប្តូរច្បាប់ដើម្បីលុបចោលទោសប្រហារជីវិតសម្រាប់ឧក្រិដ្ឋកម្មគ្រឿងញៀន និងឧក្រិដ្ឋកម្មអហិង្សាផ្សេងទៀត បន្ទាប់ពីឃាតកម្មលើអ្នកកាសែត Jamal Khashoggi ។
យោងតាមគណៈកម្មការសិទ្ធិមនុស្សអារ៉ាប៊ីសាអ៊ូឌីត ឆ្នាំ ២០២០ ឃើញចំនួននៃការប្រហារជីវិតទាបបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍ គឺធ្លាក់ចុះ ៨៥% បើប្រៀបធៀបនឹងឆ្នាំមុន មកសល់ត្រឹម តែ២៧ករណីប៉ុណ្ណោះ ៕ ដោយ៖ ធីរីណា

រូបថត៖ BBC


ចែករំលែក៖