ខេត្តឧត្តរមានជ័យ ៖ នេះបេីយោងតាមប្រភពព័ត៌មានពីផេកហ្វេសប៊ុកផ្លូវការរបស់កងព័ទជេីងគោក នៃកងយោធពលខេមរភូមិន្ទ នៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា លោកឧត្តមសេនីយ៍ទោ តន់ ញាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ បានមានប្រសាសន៍អប់រំផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ថ្មីៗជាតិ-អន្តរជាតិ និងសភាពការណ៍ក្នុងភូមិសាស្រ្តទទួលខុសត្រូវរបស់អង្គភាព ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៅក្នុងទីបញ្ជាការ បានទទួលជ្រាប។
ឧត្តមសេនីយ៍ទោ មេបញ្ជាការ ក៏បានក្រើនរម្លឹក និងសង្កត់ធ្ងន់អំពីភារកិច្ចចំពោះមុខរបស់នាយទាហាន នាយហានរង និងពលទាហានទាំងអស់ ដែលត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្តភារកិច្ចឱ្យបានម៉ឺងម៉ាត់តាមមុខនាទីរបស់ខ្លួនម្នាក់ៗក្នុងភាពទទួលខុសត្រូវខ្ពស់ ត្រូវអនុវត្តឱ្យបានជោគជ័យតាមផែនការកំណត់របស់ថ្នាក់លើ ចូលរួមការងារកសាងអង្គភាព ការងារបង្កបង្កើនផល និងត្រៀមកម្លាំងចុះជួយប្រជាពលរដ្ឋនៅក្នុងរដូវប្រមូលផលនេះផងដែរ។
ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ទោ មេបញ្ជាការ បានអប់រំផ្សព្វផ្សាយដល់យោធិនគ្រប់រូប ត្រូវគោរព និងអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់រដ្ឋធម្មនុញ្ញ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល។
ត្រូវគោរព និងប្រតិបត្តិយ៉ាងម៉ឹងម៉ាត់ចំពោះ ច្បាប់រដ្ឋ ច្បាប់ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ និងគោរពបទបញ្ញត្តិ បទវិន័យ និងបទបញ្ជាផ្សេងៗរបស់កងទ័ព។
ឧត្តមសេនីយ៍ទោ មេបញ្ជាការ បានផ្ដាំផ្ញើរឱ្យយោធិនទាំងអស់បន្តអនុវត្តនូវវិធានការរបស់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលគឺ ៣ការពារ និង៣កុំ ឱ្យបានជាប់លាប់ល្អជាប្រចាំផងដែរ៕
ដោយ៖សហការី