ភ្នំពេញ៖ ស្ត្រីដែលជាម្ចាស់បំណុលម្នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌច្បារអំពៅ នាំខ្លួនយកទៅសាកសួរបន្ទាប់ពីរូបគាត់ទៅទារលុយកូនបំណុលដែលជំពាក់ ប៉ុន្តែបែរជាទាស់ពាក្យសម្តីគ្នាធ្វើឱ្យស្ត្រីម្ចាស់លុយខឹងបានយកដុំថ្មគប់ទៅលើរថយន្ត បណ្ដាលឱ្យបែកកញ្ចក់ និងកំពិតទ្វាររថយន្ត២គ្រឿង ។
ករណីឃាត់ខ្លួនស្រ្តីខាងលេីនេះ បានកើតឡើងកាលពីវេលាម៉ោង ២និង៣០នាទីរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ម្សិលមិញនេះ នៅចំណុចមុខផ្ទះលេខ១៨៦ ផ្លូវ២F ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
នេះបេីយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានឱ្យដឹងនៅថ្ងៃទី២១ ខែវិច្ឆិកានេះថា៖ ជនរងគ្រោះឈ្មោះ ដួង អក្ខរា ភេទប្រុស អាយុ៤១ឆ្នាំ ជាអាជីវករ ស្នាក់នៅផ្ទះកើតហេតុ។ ចំណែកជនសង្ស័យឈ្មោះ ហុង សុកដ្ឋា ភេទស្រី អាយុ២៥ឆ្នាំ ជាអ្នកលក់ដូរ ស្នាក់នៅភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ។
របាយការណ៍ដដែលបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានខ្ចីប្រាក់ជនសង្ស័យ ១,៥០០ដុល្លារ ដើម្បីយកទៅរកស៊ីដោយសន្យាសងជនសង្ស័យទាំងដើមទាំងការសរុប២,១០០ដុល្លារ តែជនរងគ្រោះពុំបានសងប្រាក់ទៅជនសង្ស័យវិញទេ ។ លុះដល់ថ្ងៃទី២០ វិច្ឆិកា ២០២២ វេលាម៉ោង១៤និង៣០នាទី ជនសង្ស័យបានទៅផ្ទះជនរងគ្រោះ ដើម្បីទារប្រាក់ដែលជនរងគ្រោះជំពាក់ខាងលើ ពេលនោះក៏ទាស់ពាក្យសម្តីគ្នា រួចជនសង្ស័យក៏យកដុំថ្មគប់ទៅលើរថយន្តម៉ាក Toyota Land Cruiser ពណ៌ខ្មៅ គ្មានស្លាកលេខបែកកញ្ចក់ខាងក្រោយ, កំពិតទ្វារក្រោយខាងឆ្វេង ហើយគប់រថយន្តជនរងគ្រោះ០១គ្រឿងទៀត ម៉ាក Toyota Pruis ពណ៌ទឹកមាស ផ្លាកលេខ ភ្នំពេញ 2AJ-5584 បណ្តាលឲ្យកំពិតទ្វារមុខ-ក្រោយខាងស្តាំ ពេលនោះជនរងគ្រោះក៏រាយការណ៍ប្រាប់សមត្ថកិច្ចចុះទៅឃាត់ខ្លួនជនសង្ស័យតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានឃាត់ខ្លួនជនសង្ស័យ យកមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីសាកសួរ និងដោះស្រាយគ្នាជាមួយភាគីរងគ្រោះ ៕
ដោយ៖សហការី