ភ្នំពេញ ៖ ពិធីបើកព្រឹត្តិការណ៍កីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិលើកទី១ ត្រូវបានបើកជាផ្លូវការនាល្ងាចថ្ងៃចន្ទ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ មានមនុស្សចូលរួមរហូតទៅដល់ ៤ ម៉ឺននាក់ ។ ការប្រកួតកីឡាជាតិលើកទី៣ នឹងរៀបចំឡើងនៅរាជធានីភ្នំពេញ, ខេត្តកំពត, ព្រះសីហនុ, កែប និងខេត្តសៀមរាប លើ ៣៨ប្រភេទកីឡា, ៣៥៦ វិញ្ញាសា, និងមានប្រតិភូកីឡាសរុប ៤,៣៣៦នាក់ ចំណែកឯការប្រកួតកីឡាជនពិការជាតិលើកទី១ មានប្រតិភូកីឡាមកពីរាជធានី-ខេត្តចំនួន១៥ សរុប ២២២នាក់, មាន ០៧ប្រភេទកីឡា និង ៤៩វិញ្ញាសា រួមមាន អត្តពលកម្ម ហែលទឹក បាល់បោះជិះរទេះ បាល់ទះអង្គុយ វាយសី វាយកូនឃ្លីលើតុ និងបូស្យា។
សូមជម្រាបជូនថា ព្រឹត្តិការណ៍នេះ រៀបចំឡើងសម្រាប់ការត្រៀមលក្ខណៈឆ្ពោះទៅកាន់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ព្រឹត្តិការណ៍នេះបានផ្តល់ឱកាសដល់មន្ត្រីបច្ចេកទេស ចូលរួមក្នុងការរៀបចំ និងការកាត់សេចក្តីការប្រកួត ជាក់ស្ដែងនៅលើ ទីលានប្រកួត ប៉ាន់ស្មានតម្រូវការទីលាននិងសម្ភារឧបករណ៍បច្ចេកទេសតាមស្ដង់ដារនៃការប្រកួតជាលក្ខណៈហ្គេម ក៏ដូចជាជាផ្តល់ឱកាសដល់កីឡាករ កីឡាការិនី បានចូលរួមប្រកួត និងវាស់ស្ទង់គុណផលកីឡា ព្រមទាំងទទួលបានបទពិសោធន៍នៃការប្រកួត។
សូមចូលរួមគាំទ្រ និងលើកស្ទួយ ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅឆ្នាំ២០២៣ ប្រកបដោយមោទកភាព និងសាមគ្គីភាពក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះ ៕
ដោយ : សហការី