ខេត្តស្វាយរៀង ៖ លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក ណែនាំដល់បងប្អូនពលរដ្ឋថា ពេលបានផ្លូវបេតុង៦២២ម៉ែត្រនិងផ្លូវក្រាលគ្រួសក្រហមប្រវែង៣.៧៩៨ម៉ែត្រ ស្ថិតនៅភូមិត្រពាំងស្មាច់ និងភូមិដក់ពរ ល្អងាយស្រួលធ្វើដំណើរ សូមចូលរួមថែរក្សាទាំងអស់គ្នា ព្រោះផ្លូវទាំងនេះជារបស់យើង មិនមែនជារបស់បុគ្គលណាម្នាក់ឡើយ។
ការថ្លែងបែបនេះរបស់លោកអភិបាលស្រុកធ្វើឡើងនាព្រឹកថ្ងៃទី២២ខែ វិច្ឆិកាឆ្នាំ២០២២ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងប្រវែង៦២២ម៉ែត្រទទឹង៥ម៉ែត្រ កំពស់១ម៉ែត្រ៥តឹក និងផ្លូវក្រាលគ្រួសក្រហមប្រវែង៣.៧៩៨ម៉ែត្រ ទទឹង៦ម៉ែត្រ ស្ថិតនៅភូមិត្រពាំងស្មាច់ និងភូមិដក់ពរ ព្រមទាំងបើកវេទិកាសាធារណ:នៅភូមិត្រពាំងស្មាច់ ឃុំជ្រៃធំ ចំនួន៤ភូមិដោយមានការចូលរួមពីសំណាក់ លោកនាយករដ្ឋបាលស្រុក លោកប្រធាន អនុប្រធានការិយាល័យសាលាស្រុក លោក លោកស្រី ក្រុមប្រឹក្សាឃុំ ប៉ុស្តិ៍រដ្ឋបាល ប្រជាការពារ មេភូមិ ជំនួយការភូមិ ប្រជាពលរដ្ឋ វត្តមាន១១២នាក់ ស្រី ៥នាក់។
លោកស៊ូ ម៉ុល បានថ្លែងថា ការចាប់ផ្តើមដំណើរការបើកការដ្ឋានសាងសង់នៅពេលនេះ បញ្ជាក់ឲ្យឃើញថា អាជ្ញាធរស្រុកនៅតែយកចិត្តទុកដាក់ជាប់ជានិច្ចចំពោះ ទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរទៅមកនៅពេលពិបាក ជាពិសេសនោះសូមអគុណសន្តិភាព បើមិនមានសុខសន្តិភាពក៏មិនមានថ្ងៃនេះដែរ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។
ពិសេសមាន លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងតែងតែយកចិត្តទុកដាក់ប្រជាពលរដ្ឋជានិច្ចចំពោះបញ្ហា ផ្លូវ ទឹក ភ្លើងព្រោះទាំងនេះជាជីវភាពប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋដែលរស់គ្រប់មូលដ្ឋាន ហេតុនេះទីណាមានប្រជាពលរដ្ឋរស់ទៅត្រូវមាន ផ្លូវ ទឹក ភ្លើង ដល់ទីនោះ។
លោកបានថ្លែងបន្តថា មិនថា ផ្លូវតូច ឬធំនោះទេ ព្រោះផ្លូវ គឺជាសរសៃឈាមនៃឃឿនសេដ្ឋកិច្ចសម្រាប់ប្រទេសជាតិផង សម្រាប់ប្រជាពលរដ្ឋផង ហើយក៏ធនធាន នៃការអភិវឌ្ឍន៍ប្រទេសជាតិទៅរកភាពរីកចំរីន។
ក្នុងឱកាសនោះ លោកអភិបាលស្រុកក៏បានលើកឡើង ពីគោលបំណងសំខាន់នៃការបើកវេទិការសាធារណៈចំនួន២ភូមិនាពេលនេះគឺ ដើម្បីផ្តល់ឱកាសជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ បានស្វែងយល់ពីស្ថានភាពទូទៅនៃការអភិវឌ្ឍន៍ មូលដ្ឋាន ព្រមទាំងបញ្ហាប្រឈម តម្រូវការនានា ដែលកើតមាននារយៈកាលកន្លងមក ពិសេសវេទិកានេះ ក៏នឹងផ្តល់នូវឱកាសផងដែរ ជូនបងប្អូនប្រជាពលរដ្ឋនិងអ្នកពាក់ព័ន្ធទាំងអស់ ក្នុងការបញ្ចេញមតិយោបល់របស់ខ្លួន ដែលពាក់ព័ន្ធនឹងក្តីកង្វល់ សំណូមពរ និងតម្រូវការជាក់ស្តែងក្នុងមូលដ្ឋាន ដើម្បីឲ្យអាជ្ញាធរមានសមត្ថកិច្ចដោះស្រាយ និងឆ្លើយតបចំពោះតម្រូវការ សំណូមពរ ប្រជាពលរដ្ឋដែលបានលើកឡើង។
លោកអភិបាលស្រុករមាសហែក ក៏បានលើកឡើងពីភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុចព្រមទាំងស្នើរដល់បងប្អូនប្រជាពលរដ្ឋសូមអញ្ជើញពិនិត្យមើលបញ្ជីចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់គ្នានិង ជំរុញដល់បងប្អូនប្រជាពលរដ្ឋដែលអត្តសញ្ញាប័ណ្ណរបស់ខ្លួនហួសសុពលភាពសូមអញ្ជើញមកធ្វើថ្មីទាំងអស់គ្នានិងសូមចូលរួមចាក់វាក់សាំងដូសជំរុញផងដែរ។
សូមបញ្ជាក់ថារដ្ឋបាលស្រុករមាសហែកក៏បានទទួលយកសំណូមពរមួយចំនួនពីប្រជាពលរដ្ឋដូចជា បញ្ហាលូរំដោះទឹកជំនន់ទឹកភ្លៀងភូមិត្រពាំងស្មាច់ និងដក់ពរ ចំនួន២កន្លែង ផ្លូវ ភ្លើង ផងដែរ ៕
ដោយ៖ សុថាន