ខេត្តស្វាយរៀង ៖ បុគ្គលិកផ្នែកវិស្វកម្មជនជាតិចិនម្នាក់បម្រើការងារនៅ ក្នុងរោងចក្រ ថបស្ពតតំបន់សេដ្ឋកិច្ចពិសេសមេធហាតធេនក្រុងបាវិតបានដួលស្លាប់ផ្អើលទាំងថ្ងៃបន្ទាប់ពីដឹកមកដល់ខាងមុខមន្ទីរសម្រាកព្យាបាល ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង១០នាទីព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងរោងចក្រថបស្ពតតំបន់សេដ្ឋកិច្ចពិសេសមេធហាតធេនស្ថិតភូមិថ្នាញ សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង ។
យោងតាមសមត្ថកិច្ចនគរបាលក្រុងបានឱ្យដឹងថាបុរសខាងលើមានឈ្មោះ CHANG WEN HSIUNG អាយុ៦០ឆ្នាំជនជាតិចិន កាន់លិខិតឆ្លងដែនលេខ 315072436 មុខរបរបុគ្គលិកក្រុមហ៊ុនរោងចក្រថបស្ពត បច្ចុប្បន្នស្នាក់នៅក្នុងរោងចក្រថបស្ពត ស្ថិតភូមិថ្នាញ សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង ។
ប្រភពបន្តថាកាលពីវេលាម៉ោង១០:១០នាទី ប៉ុស្ដិ៍នគរបាលរដ្ឋបាលបាវិត បានទទួលព័ត៌មានពីរដ្ឋបាលរោងចក្រថបស្ពត បានរាយការណ៍ថា នៅក្នុងរោងចក្រថបស្ពតតំបន់សេដ្ឋកិច្ចពិសេសមេធហាតធេនក្រុងបាវិតមានបុគ្គលិកផ្នែកវិស្វកម្ម ក្នុងរោងចក្រ បានដួលក្នុងពេលកំពុងបំពេញការងារ។
ប្រភពបន្តថាភ្លាមនោះក្រុមការងាររដ្ឋបាលក៏បានយករថយន្តក្រុមហ៊ុនដឹកបញ្ជូនមកព្យាបាលនៅមន្ទីរសម្រាកព្យាបាលពន្លឺបូព៌ា ស្ថិតក្នុងភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ហើយបានស្លាប់ខណៈពេលដឹកមកដល់ខាងមុខមន្ទីរសម្រាកព្យាបាល ។
បច្ចុប្បន្នសាកសពសមត្ថកិច្ចយកមកតម្កល់ទុកនៅវត្តពោធិថ្មី ស្ថិតក្នុងភូមិច្រកលាវ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដើម្បីរង់ចាំសមត្ថកិច្ចជំនាញនិងគ្រូពេទ្យ ធ្វើការពិនិត្យកោសល្យវិច័យបន្តទៀត ៕
ដោយ៖ សុថាន