ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុនសែន អញ្ជើញដល់ខេត្តសៀមរាប ដើម្បីចូលរួមថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើកកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការពារជាតិអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្រ្តីការពាជាតិអាស៊ាន-បូក នៅព្រឹកស្អែកថ្ងៃទី២៣ ខែវិច្ឆិកា

ចែករំលែក៖

ខេត្តសៀមរាប ៖ ទទួលបដិសណ្ឋារកិច្ចវត្ដមានដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មកកាន់ទឹកដីខេត្តសៀមរាប ដើម្បីចូលរួមថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើកកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការពារជាតិអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្រ្តីការពាជាតិអាស៊ាន-បូក នៅសាលសន្និសិទសុខាសៀមរាប នៅព្រឹកស្អែកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ។ នេះបើយោងតាមការបញ្ជាក់ពី លោក ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប នៅថ្ងៃអង្គារ ១៤រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២។

សូមបញ្ជាក់ថា, នៅថ្ងៃអង្គារ ១៤រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធី បិទសន្និបាតជាតិខួប ៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា ដែលពិធីនេះត្រូវប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ។ 

សូមជំរាបថា អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្រ្គោះជនពិការដោយសារមីន កាលពីរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ បានបើកសន្និបាតជាតិខួប ៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា ក្រោមប្រធានបទ «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម» ហើយនៅថ្ងៃទី២២ វិច្ឆិកានេះ គឺជាពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ក៏ដូចជាបង្ហាញនូវសមិទ្ធផលស្នាដៃ៣០ឆ្នាំ នៃសកម្មភាពកំចាត់មីននៅកម្ពុជា។ ពិធីបិទសន្និបាត នាព្រឹកនេះមានការអញ្ជើញចូលរួមពីមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ ប្រចាំកម្ពុជា, ឯកអគ្គរដ្ឋទូត ស្ថានទូត ប្រចាំកម្ពុជា, លោកឧកញ៉ា លោក លោកស្រី តំណាងវិស័យឯកជន ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ, ប្រតិបត្តិករសកម្មភាពមីន តំណាងអង្គការសង្គមស៊ីវិល តំណាងអ្នកទទួលផល តំណាងជនរងគ្រោះដោយសារមានផងដែរ។ 

សម្តេចតេជោ ហ៊ុន សែន មានសេចក្តីរីករាយដោយបានចូលរួមក្នុងពិធីបិទសន្និបាតជាតិប្រារព្ធខួប ៣០ ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា ក្រោមប្រធានបទ “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម”សម្តេចតេជោបានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការនៃអាជ្ញាធរមីន ដៃគូអភិវឌ្ឍ និងភាគីពាក់ព័ន្ធចំពោះកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហប្រតិបត្តិការល្អ ដោយសម្រេចបានសមិទ្ធផលធំៗជាច្រើន នៃការងារសកម្មភាពមីនក្នុងរយៈពេល៣០ ឆ្នាំ នៅកម្ពុជាសម្រាប់ការអភិវឌ្ឍជាតិ ៕

ដោយ : សិលា


ចែករំលែក៖