ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមការងារឥស្សរជនឆ្នេីមថ្នាក់ជាតិ​ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធលោកយាយឧបាសិកា គឹម សេង ត្រូវជាមាតា លោក សាស្រ្តាចារ្យមហាបរិញ្ញា ហោ ប៊ុនឡេង

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី ២២ ខែវិច្ឆិកា​ ឆ្នាំ២០២២នេះ លោកស្រី ពុំ​ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានក្រុមការងារឥស្សរជនឆ្នេីមថ្នាក់ជាតិ​ នននិងលោកស្រី លោក អនុប្រធានអចិន្ត្រៃយ៍​ សមាជិក​ សមាជិកា​ ក្រុមការងារឥស្សរជនឆ្នេីមថ្នាក់ជាតិ​ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធលោកយាយឧបាសិកា គឹម សេង ត្រូវជាមាតា លោក សាស្រ្តាចារ្យមហាបរិញ្ញា ហោ ប៊ុនឡេង អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាសមាជិកក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ដែលបានទទួលមរណភាពកាលពីថ្ងៃព្រហស្បតិ៍ ៩រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ០៧ម៉ោង១៥នាទីព្រឹក ក្នុងជន្មាយុ ៨៦ឆ្នាំ ដោយជរាពាធ។

ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនោះ លោកស្រី ពុំ​ ចន្ទីនី​  បានប្រគល់ជូនក្រុមគ្រួសារនៃសព នូវសារលិខិតរំលែកមរណទុក្ខរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ និងជាឥស្សរជនឆ្នេីមថ្នាក់ជាតិ​ ដែលក្នុងសារលិខិតនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចាត់ទុកថា​ «មរណភាពរបស់ លោកយាយឧបាសិកា គឹម សេង គឺជាការបាត់បង់មាតា មាតាក្មេក ជីដូន ជីដូនទួត ប្រកបដោយសង្គហធម៌ និងព្រហ្មវិហារធម៌ ដែលក្នុងមួយជីវិតរបស់លោកយាយឧបាសិកា តែងតែប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ដ៏ល្អប្រពៃ តស៊ូប្រឹងប្រែងចិញ្ចឹមបីបាច់ថែរក្សា អប់រំ ផ្តល់ដំបូន្មានល្អៗដល់កូន ចៅ ចៅទួត និងក្រុមគ្រួសារ រហូតក្លាយជាបញ្ញវន្ត ជាឥស្សរជនជាន់ខ្ពស់ ដែលជាធនធានមនុស្សដ៏មានតម្លៃសម្រាប់សង្គមជាតិ។ លើសពីនេះទៅទៀត លោកយាយឧបាសិកា បានរួមចំណែកកសាងសមិទ្ធផល ជាច្រើនក្នុងការរួមចំណែកលើកស្ទួយវិស័យព្រះពុទ្ធសាសនានៅកម្ពុជា»។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសហការីនៃកាកបាទក្រហមកម្ពុជា រួមជាមួយក្រុមការងារឥស្សរជនឆ្នេីមថ្នាក់ជាតិ​ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកយាយឧបាសិកា គឹម សេង បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ : សហការី


ចែករំលែក៖