ខេត្តកំពង់ស្ពឺ ៖ នៅវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ នៅលេីផ្លូវល្បឿនលឿន ចន្លោះគីឡូម៉ែត្រ ៥២-៥៣ ត្រង់ចំណុចភូមិត្រពាំងក្រឡឹង ឃុំគីរីវន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានករណីរថយន្ដផ្ទុះកង់លើផ្លូវលើផ្លូវល្បឿនលឿន បុករនាំងចែកទ្រូងផ្លូវអស់៦ផ្ទាំង ខ្ទេចមួយកំណាត់មុខ សំណាងល្អអត់គ្រោះថ្នាក់ដល់មនុស្ស ។
សមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា, រថយន្តជួបគ្រោះថ្នាក់ចរាចរណ៍ នេះម៉ាក LEXUS GS300 ពាក់ស្លាកលេខ ភ្នំពេញ2BM-2573 បើកបរដោយឈ្មោះ សយ ចាន់ភក្តី ភេទប្រុសអាយុ២៦ឆ្នាំ នៅភូមិទំពាច ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បើកបរមកពីទិសខាងលិចទៅទិសខាងកើត មកដល់ចំណុចខាងលើ ផ្ទុះកង់បានរេចង្កូតទៅបុករនាំងសុវត្តិភាព (ទ្រូងកណ្តាល) បណ្ដាលឱ្យខូចខាតរនាំងសុវត្តិភាព៦ ផ្ទាំង ស្មេីនឹងប្រវែង ២៤ម៉ែត្រ និងខូចរថយន្ដយ៉ាងដំណំ។
បើយោងតាមការបញ្ជាក់ពីលោកវរសេនីយ៍ទោ ពៅ នឿន អធិការរងនគរបាលស្រុកភ្នំស្រួច ទទួលបន្ទុកផ្នែកចរាចរណ៍ បានឱ្យដឹងថា , ករណីគ្រោះថ្នាក់ខាងលេីបណ្ដាលមកពីបែកកង់រថយន្ត និងជាមួយកត្ដាធ្វេសប្រហែស បេីកលឿនធ្វើឱ្យការទប់លំនឹងមិនជាប់បាត់ម្ចាស់ការតែម្ដង ប៉ុន្តែមិនគ្រោះថ្នាក់ដល់មនុស្សទេក្នុងហេតុការណ៍នេះ។
បច្ចុប្បន្ន រថយន្តបានយកទៅរក្សាទុកនៅក្រុមហ៊ុនផ្លូវល្បឿនលឿននៅK26 ស្រុកសំរោងទង ដើម្បីរង់ចាំដោះស្រាយសំណងការខូចខាតជូនក្រុមហ៊ុន ទៅតាមទំហំ នៃការប៉ះពាល់ រហូតដល់២៤ម៉ែត្រ៕
ដោយ : សហការី