ភ្នំពេញ ៖ លោក អ៉ី រិន អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់សារព័ត៌មាន នៅរសៀលថ្ងៃនេះថា «ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនបណ្ដោះអាសន្ន ជនត្រូវចោទដែលមានឈ្មោះ ពេជ្រ ស្រីមុំ ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ ទៅពន្ធនាគាររាជធានីភ្នំពេញ (PJ) នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២»។
សូមបញ្ជាក់ថា, ស្រ្តីអ្នកជំនួញល្បីឈ្មោះនៅក្នុងសង្គមម្នាក់ ពេជ្រ ស្រីមុំ ដែលត្រូវបានកម្លាំងអាវុធហត្ថចាប់ឃាត់ខ្លួន ក្រោមបទឆបោកលុយគេរាប់លានដុល្លារនោះ ពេលនេះត្រូវបានចៅក្រមស៊ើសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញ ដីកាឃុំខ្លួនដាក់ពន្ធនាគារ PJ ជាបណ្តោះអាសន្ននៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២។
ដោយឡែក លោក ប្លង់ សុផល អ្នកនាំពាក្យស្ថាប័នអយ្យការ បានឱ្យដឹងថា តំណាងអយ្យការបានសម្រេចចោទប្រកាន់ស្ត្រីអ្នកជំនួញឈ្មោះ ពេជ្រ ស្រីមុំ ពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន និងបញ្ជូនដីកាសន្និដ្ឋានស៊ើបសួរ បន្តទៅចៅក្រមស៊ើបសួរដើម្បីចាត់ការបន្តតាមនីតិវិធី។
សូមបញ្ជាក់ថា ស្ដ្រីម្នាក់ដែលគេស្គាល់ថាជាអ្នកជំនួញដ៏ស៉ីវិល័យ ដែលគេហៅថា, ស្រ្តីហាយសូរ ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ចាប់ឃាត់ខ្លួនពាក់ព័ន្ធអំពើឆបោកលើជនរងគ្រោះជាច្រើននាក់ ហើយជនរងគ្រោះខាតបង់ទឹកប្រាក់រាប់លានដុល្លារ។
ទាំងសារព័ត៌មាន គេហទំព័រ ក្នុងស្រុក អ្នកលេងបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក បានផ្សព្វផ្សាយ បង្ហោះករណីនេះព្រោងព្រាត។
អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជាក់ថា ស្ដ្រីដែលត្រូវបានចាប់ខ្លួននេះ ឈ្មោះ ពេជ្រ ស្រីមុំ។ ស្ដ្រីរូបនេះ ត្រូវបានចាប់ឃាត់ខ្លួននៅចំណុចផ្ទះលេខ៤ដេ ផ្លូវដាវីន បុរីវរជន ក្នុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ លេខ៤៨០អ.យ.ក ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ ពាក់ព័ន្ធករណីមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជូនដូរបាន។
ការឃាត់ខ្លួននេះ មានការដឹកនាំអនុវត្ត និងសម្របសម្រួលដោយលោកព្រះរាជអាជ្ញារង គឹម ហុងសាន។ ក្រៅពីនេះ ស្រ្តីខាងលើនៅមានជាប់ពាក់ព័ន្ធបណ្តឹងជាច្រើនទៀត ដែលបានប្តឹងចូលទាំងអាវុធហត្ថ នគរបាល និងតុលាការ ថែមទៀតផង។
គួរជម្រាបថា កាលពីខែឧសភា ឆ្នាំ២០២២កន្លងទៅនេះ ស្ដ្រី ពេជ្រ ស្រីមុំ ក៏ធ្លាប់ត្រូវបានកម្លាំងនគរបាលរាជធានីភ្នំពេញ ចាប់ខ្លួនម្ដងរួចមកហើយ ពាក់ព័ន្ធអំពើឆបោកដូចគ្នានោះ តាមបណ្ដឹងរបស់ពាណិជ្ជករម្នាក់ ដែលការឆបោកនេះ មានទឹកប្រាក់ប្រមាណជាង៧៧ម៉ឺនដុល្លារ។
ស្ដ្រីហាយសូរ ឈ្មោះ ពេជ្រ ស្រីមុំ ដែលបច្ចុប្បន្នត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួន ដាក់ពន្ធនាគារបណ្តោះអាសន្ន ថាមានពាក្យបណ្តឹងជាច្រើនទៀត ដែលជនរងគ្រោះបន្តដាក់ទៅកាន់ សមត្ថកិច្ច និងតុលាការ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋយើង កុំជ្រុលខ្លួន ខាតបង់ ចំពោះភាព ហាយសូរបស់មនុស្សខ្លះ ដែលមានគំនិតចេតនាទុច្ចរិត ៕
ដោយ : សហការី