ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តម៉ាស្ដាបេីកឆ្លងផ្លូវមិនប្រយ័ត្នត្រូវម៉ូតូហុងដាឌ្រីម​បុកពីចំហៀងពេញទំហឹង​ បណ្ដាលឱ្យបុរសអ្នកជិះម៉ូតូនោះរងរបួសបែកមុខបែកមាត់

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់បើករថយន្តម៉ាស្តាមួយគ្រឿងឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្នត្រូវបានបុរសម្នាក់ទៀតជិះម៉ូតូលឿនចាប់ហ្វ្រ័ងមិនទាន់ជ្រុលទៅបុកចំពីចំហៀងកង់ខាងមុខពេញទំហឹងបណ្ដាលឱ្យអ្នកជិះម៉ូតូដួលបោកទៅនឹងថ្នល់រងរបួសបែកមុខបែកមាត់​ កាលពីវេលាម៉ោង៩ យប់ថ្ងៃអង្គារ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវហាណូយ កែងនឹងផ្លូវលេខ១៩៦៦ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

​    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា​ មុនកើតហេតុគេឃើញ បុរសម្នាក់បើករថយន្តម៉ាកម៉ាស្តាមួយគ្រឿង​ ពណ៌ប្រផេះ​ ពាក់ផ្លាកលេខភ្នំពេញ2AY-8834 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៩៦៦ក្នុងទិសដៅពីកើតទៅលិច លុះបើកមកដល់ចំណុចកើតហេតុខាងលើក៏បានបើកឆ្លងកាត់ទទឹងផ្លូវ​ ពេលនោះស្រាប់តែមានបុរសម្នាក់ជិះម៉ូតូហុងដាឌ្រីម C-125 ពណ៌ខ្មៅស៊េរីឆ្នាំ ២០១៨ ពាក់ផ្លាកលេខភ្នំពេញ1GT-5531ធ្វើដំណើរតាមបណ្តោយផ្លូវហាណូយក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនចាប់ហ្វ្រ័ងមិនទាន់ក៏ជ្រុលទៅបុករថយន្តចំចំហៀងកង់ខាងមុខខាងឆ្វេងពេញទំហឹងបណ្ដាលឱ្យដួលម៉ូតូបោកទៅនឹងថ្នល់រងរបួសបែកមុខបែកមាត់ រីឯម៉ូតូរងការខូចខាតយ៉ាងដំណំ។

​    ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងមានតំណាងភាគីទាំងសងខាងបានមកដល់កន្លែងកើតហេតុ ហើយសមត្ថកិច្ចបានឱ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នា។ ក្រោយពីសម្របសម្រួលគ្នាអស់ពេលមួយសន្ទុះធំមក ទើបភាគីទាំងពីរបានព្រមព្រៀងគ្នាដោយភាគីខាងរថយន្តបានចេញសំណងចំនួន៧០ដុល្លារទៅឱ្យខាងភាគីម៉ូតូដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖