ខេត្តពោធិ៍សាត់ ៖ មុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនម្នាក់ ត្រូវបានកម្លាំងនគរបាលជំនាញប្រឆាំងគ្រឿងញៀនស្រុកវាលវែង ចុះស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជាក់ស្ដែង រួមនឹងវត្ថុតាងគ្រឿងញៀនមួយចំនួន។ នេះបេីយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២។
របាយការណ៍ដដែលបន្តថា ដោយអនុវត្តជាប្រចាំតាមមតិចង្អុលណែនាំរបស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ ស្ដីពីការការពារសន្តិសុខ សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យកាន់តែល្អប្រសើរនោះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រពើពីរ ចំនួន ០៤នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី ប៊ុន ថេន ឋានៈនាយប៉ុស្តិ៍ បានដឹកនាំកម្លាំងចុះបង្ក្រាបករណីប្រើប្រាស់ រក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចចំការដំឡូងមី ស្ថិតនៅភូមិសំឡាញ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
លោកអធិការ ធាង ឡេង បានឱ្យដឹងនៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកានេះថា ៖ ជនសង្ស័យឈ្មោះ ឈិន ហៀង ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅភូមិសំឡាញ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ទីលំនៅអចិន្ត្រៃយ៍ ភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
វត្ថុតាងដកហូតរួមមាន ៖
-ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនចំនួន ៨២កញ្ចប់ (កញ្ចប់តូចចំនួន ៦៨កញ្ចប់ និងកញ្ចប់ធំចំនួន ១៣កញ្ចប់)
-គ្រាប់ថ្នាំពណ៌ក្រហមមានអក្សរWY ចំនួន០៣គ្រាប់
-ទូរស័ព្ទចំនួន ០២គ្រឿង និងថវិកា ២០០០០៛ ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើសមត្ថកិច្ចបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកវាលវែង ដើម្បីបំពេញតាមនីតិវិធី និងស្រាវជ្រាវបន្ត ៕
ដោយ៖ អារុណរះ