ខេត្តពោធិ៍សាត់ ៖ នៅក្នុងពិធីសំណេះសំណាល បំពាក់ឋានន្តរសក្តិ និងគ្រឿងឥស្សរិយសជូនជូនយោធិនចូលនិវត្តន៍ យោធិនពិការ ត្រូវផ្ទេរចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២២ របស់កងពលតូចថ្មើរជើងលេខ១៤ នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ឯក ប្រាក់ សុវណ្ណា មេបញ្ជាការរង កងទ័ពជើងគោក បានថ្លែងការកោតសរសើរចំពោះវីរភាពយោធិនចូលនិវត្តន៍ យោធិនពិការគ្រប់រូប ដែលបានចំណាយពេលវេលាដ៏មានតម្លៃធ្វើពលិកម្មគ្រប់យ៉ាង ដើម្បីបុព្វហេតុបម្រើជាតិមាតុភូមិ ។
ក្នុងន័យនេះ លោកឧត្តមសេនីយ៍ឯក ប្រាក់ សុវណ្ណា បាន បញ្ជាក់ថា ពលិកម្មប្រកបដោយវីរភាព និងស្មារតីស្នេហាជាតិនៅគ្រប់ដំណាក់កាលប្រវត្តិសាស្ត្រនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការចូលរួមផ្តួលរំលំរបបប្រល័យពូជសាន៍ ប៉ុល ពត កិច្ចការពារបូរណភាពទឹកដី ការកសាងនិងការពារសន្តិភាព ស្ថិរភាពសង្គម ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសង្គមជាតិឱ្យមានការរីកចម្រើន ជាប្រតិបត្តិករចូលរួមយ៉ាងសកម្មក្នុងការបញ្ចប់សង្គ្រាមផ្ទៃក្នុងក្រោមនយោបាយឈុ្នះ ឈ្នះ ។ ទោះបី បងប្អូន បានសម្រាកពីការងារក៏ពិតមែន តែការរួមចំណែកដល់សង្គមជាតិនាពេលកន្លងមក បានចូលរួមអភិវឌ្ឍន៍សង្គមជាតិ និងការកែទម្រង់កងយោធពលខេមរភូមិន្ទ ។
លោកឧត្តមសេនីយ៍ឯក ប្រាក់ សុវណ្ណា បានបន្ថែមទៀតថា ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា បានយកចិត្តទុកដាក់ដល់កងកម្លាំងជាប់ជាប្រចាំ ទោះស្ថិតនៅក្នុងការគ្រប់គ្រង និងទៅជាជនស៊ីវិលក៏ដោយ ។
លោកឧត្តមសេនីយ៍ឯក ប្រាក់ សុវណ្ណា បានផ្ដាំផ្ញើដល់ យោធិនចូលនិវត្តន៍ទាំងអស់ ពេលវិលត្រឡប់ទៅរួមរស់ជាជនស៊ីវិលត្រូវបន្តថែរក្សានូវតំលៃថ្លៃថ្នូររបស់កងទ័ព និងចូលរួមសហការជាមួយអាជ្ញាធរដែនដី បន្តរក្សាសុខសន្តិភាពឲ្យបានដាច់ខាត ។
តាមសេចក្តីរាយការណ៍របស់ជំនាញបុគ្គលិក អនុវត្តតាមច្បាប់ស្តីពីរបបសោធននិវត្តន៍ និងសោធនបាត់បង់សមត្ថភាពការងារឆ្នាំ២០២នេះ យោធិនចំនួន ០៩នាក់ កងពលតូចថ្មើរជើងលេខ១៤ បញ្ជាការដ្ឋានកងទ័ពជើងគោក ត្រូវបានផ្ទេរចេញពីក្របខ័ណ្ឌនៃកងយោធពលខេមរភូមិន្ទ ក្នុងនោះរួមមាន ចំពោះឋានន្តរសក្តិថ្នាក់ វរសេនីយ៍ឯក ០១នាក់, វរសេនីយ៍ទោ ០១នាក់, អនុសេនីយ៍ឯក ០២នាក់, អនុសេនីយ៍ទោ ០២នាក់, អនុសេនីយ៍ត្រី ០១នាក់, នាយចំណង់ ០១នាក់ និងព្រិន្ទបាលទោ ០១នាក់ ៕
ដោយ : សហការី