ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិក ៖ បាញ់ប្រហារយ៉ាងបង្ហូរឈាមនៅ Walmart មនុស្សជាច្រើនបានស្លាប់

ចែករំលែក៖

ការបាញ់ប្រហារនៅហាង Walmart ក្នុងទីក្រុង Chesapeake រដ្ឋ Virginia នៅល្ងាចថ្ងៃទី ២២ ខែវិច្ឆិកា(ពេលវេលាអាមេរិក) បានបណ្តាលឱ្យមនុស្សជាច្រើននាក់ស្លាប់និងរងរបួស។
អ្នកនាំពាក្យប៉ូលិស Chesapeake លោក Leo Kosinski បាននិយាយថា ប៉ូលិសបានទទួលរបាយការណ៍នៃការបាញ់ប្រហារនៅម៉ោង១០និង១២ នាទីយប់ ម៉ោងក្នុងស្រុក ប្រហែល ៤៥នាទីមុនពេលហាង Walmart ក្នុង Sam’s Circle បានបិទទ្វារ។ យោងតាមលោក Kosinski “មនុស្សជិត១០នាក់ត្រូវបានសម្លាប់” ប៉ុន្តែចំនួនពិតប្រាកដមិនត្រូវបានចេញផ្សាយនៅឡើយទេ។
ខ្មាន់កាំភ្លើងក៏ស្ថិតក្នុងចំណោមអ្នកស្លាប់ដែរ ហើយក៏មិនច្បាស់ថាគាត់ធ្វើអត្តឃាត ឬត្រូវគេបាញ់សម្លាប់នោះទេ។ លោក Kosinski បាននិយាយថា ខ្មាន់កាំភ្លើងមិនបានបាញ់ទៅលើកម្លាំងប៉ូលិសឡើយ ហើយក៏មិនត្រូវបានគេកំណត់អត្តសញ្ញាណដែរ។
បន្ទាប់មក Walmart បានប្រកាសនៅព្រឹកព្រលឹមនៃថ្ងៃទី២៣ ខែវិច្ឆិកាថា “យើងមានការភ្ញាក់ផ្អើលចំពោះឧប្បត្តិហេតុសោកនាដកម្មនៅក្នុងហាងរបស់យើងនៅ Chesapeake រដ្ឋ Virginia ។ យើងកំពុងអធិដ្ឋានសម្រាប់អ្នកដែលរងផលប៉ះពាល់ សហគមន៍ និងសហការីរបស់យើងនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយការអនុវត្តច្បាប់»។
រូបភាពនិងវីដេអូពីកន្លែងកើតហេតុនៃការបាញ់ប្រហារបានបង្ហាញថា ប៉ូលិសបានឡោមព័ទនៅជុំវិញច្រកចូលអគារ។ លោក Kosinski បាននិយាយថា កងកម្លាំងកំពុងស្វែងរកជនរងគ្រោះបន្ថែមទៀតនៅខាងក្នុង Walmart ដោយសារតែមានអតិថិជនជាច្រើនបានលាក់ខ្លួននៅក្នុងហាង៕ ដោយ៖ ធីរីណា

រូបថត៖ AP


ចែករំលែក៖