ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីអធិការកិច្ចម្ហូបអាហារ នៃអគ្គនាយកដ្ឋាន ក.ប.ប. បន្តត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារនៅតាមបណ្តាទីផ្សារ

ចែករំលែក៖

ខេត្ត​តាកែវ ​៖​ បេី​យោង​តាមប្រភពព័ត៌មានពីអគ្គនាយកដ្ឋាន ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) ​បានឱ្យដឹងនៅព្រឹកថ្ងៃពុធទី​២៣ ខែវិច្ឆិកា​ ឆ្នាំ​២០២២នេះថា៖​ សំណាកគំរូគ្រឿងសមុទ្រស្រស់ ស្ពៃជ្រក់ ត្រីប្រឡាក់ និងគ្រឿងឧបភោគបរិភោគផ្សេងទៀតត្រូវបានមន្រ្តី ក.ប.ប. ប្រចាំនៅខេត្តព្រះសីហនុ ខេត្តកំពង់ធំ និងខេត្តតាកែវយកមកធ្វើតេស្តបឋម នៅលើរថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ ដើម្បីស្វែងរកក៏ដូចជាការពារក្រែងមានការលាយសារធាតុគីមីហាមឃាត់នានា ដែលអាចបណ្តាលឱ្យគ្រោះថ្នាក់ដល់សុខភាពអ្នកប្រើប្រាស់។ 

ប្រភពដដែលបន្តថា​ ការត្រួតពិនិត្យទាំងនោះត្រូវបានធ្វើឡើងនៅតាមទីផ្សារសំខាន់ៗ ផ្ទះលក់ទំនិញនានា ក្នុងបេសកកម្មរបស់មន្ត្រីជំនាញ​ ចាប់ពីថ្ងៃទី១៧-១៨ និងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២។ 

យោងតាមលទ្ធផលនៃការត្រួតពិនិត្យ មន្ត្រីយើងពុំបានរកឃើញវត្តមានសារធាតុគីមីហាមឃាត់នៅលើទំនិញហូបចុកទាំងនោះទេ យ៉ាងណាមិញមន្ត្រីជំនាញពិនិត្យឃើញទំនិញចម្រុះខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់សរុបចំនួន ៣៩.៧៤គីឡូក្រាម។  

គួរជម្រាបថា​ ក្រោយប្រតិបត្តិការចប់​ទំនិញទាំងនោះត្រូវបានយកមករក្សាទុកនៅទីស្នាក់ការសាខា ហើយម្ចាស់ទំនិញត្រូវរងការពិន័យអន្តរការណ៍ពីមន្ត្រីជំនាញដើម្បីជាការអប់រំ៕

ដោយ​៖សហការី​


ចែករំលែក៖